ភ្នំពេញ៖ ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំគួរឱ្យភ្ញាក់ផ្អើល នៅពេលទីក្រុងត្រូវបានពង្រីក និងរបៀបរស់នៅកាន់តែវិវត្តន៍ ហើយឱ្យដំឡូងបារាំងចាប់ផ្តើមពេញនិយមនៅតាមផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនានាទូទាំងតំបន់ ដែលមិនធ្លាប់មានពីមុនមក។
ដំឡូងបារាំង ឥឡូវនេះបានក្លាយជាចំណូលចិត្តក្នុងចំណោមមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត៦៨០លាននាក់។ មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេសិនណល ដឺឡា ប៉ាប៉ា (Centro Internacional de la Papa) ដែលមានមូលដ្ឋាននៅប្រទេសប៉េរូ បាននិយាយថា ការប្រើប្រាស់ដំឡូងបារាំងក្នុងមនុស្សម្នាក់ៗ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលបង្ហាញថា ដំឡូងបារាំងបានកំពុងក្លាយជាមុខម្ហូបធម្មតា នៅក្នុងរបបអាហារនៃប្រជាជននៅអាស៊ីអាគ្នេយ៍។
ប្រទេសប៉េរូ ត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃដំឡូងបារាំង ដែលកសិករជនជាតិដើមភាគតិច បានដាំដុះមើមនេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងមនុស្សម្នាក់ៗ ការប្រើប្រាស់ដំឡូងបារាំង ប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ បានកើនឡើងពី៤,៣៣ គីឡូក្រាម ក្នុងឆ្នាំ២០១៣ ដល់៥,២០ គីឡូក្រាម ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង២០ភាគរយ។
ស្របពេលតម្រូវការសកលហាក់មានស្ថិរភាព នៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកំណើនមធ្យម ប៉ុន្តែមានភាពស៊ីសង្វាក់គ្នានៅក្នុងតម្រូវការដំឡូងបារាំង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបបអាហារ និងការពង្រីកទីផ្សារ។
លោកបណ្ឌិត នីរាច ហ្សាម៉ា (Neeraj Sharma) ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណាកសិនល ដឺឡា ប៉ាប៉ា ប្រចាំប្រទេសឥណ្ឌា បាននិយាយថា “អាស៊ីអាគ្នេយ៍ បានបង្ហាញពីការពង្រីកដ៏រឹងមាំនៅក្នុងការប្រើប្រាស់ដំឡូងបារាំង។”
យោងតាមមជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេកសិនណល ដឺឡា ប៉ាប៉ា បានឱ្យដឹងទៀតថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បរិមាណផ្គត់ផ្គង់ក្នុងស្រុកនៅអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២៦,២ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកើនឡើងពី៣,២លានតោន ដល់៤,១លានតោន។ អត្រាកំណើននេះ គឺខ្ពស់ជាងមធ្យមភាគសកល១០ដង។
ប្រទេសដែលផលិតដំឡូងបារាំងបានច្រើនជាងគេ គឺប្រទេសឥណ្ឌូណេស៊ី ដែលកសិករដាំដំណាំប្រមាណ១,២៥ លានតោន ក្នុងមួយឆ្នាំ ភាគច្រើននៅតំបន់ខ្ពង់រាបកោះស៊ូម៉ាត្រា កោះជ្វា កោះស៊ូឡាវ៉េស៊ី និងកោះនូសាតេងហ្គារ៉ា។ ចំណែកកសិករតាមតំបន់ដីសណ្ដទន្លេក្រហមរបស់វៀតណាម ផលិតបានដំឡូងប្រហែល១៨០ ០០០តោន ខណៈពេលការផលិតរបស់ប្រទេសហ្វីលីពីន មានបិរមាណប្រហែល១០០ ០០០តោន ដែលមានប្រភពមកពីតំបន់ខ្ពង់រាបភាគខាងជើងខេត្តលូហ្សូន (Luzon)។
អ្នកជំនាញក្នុងឧស្សាហកម្មដំឡូងបារាំង បាននិយាយថា ការកើនឡើងនៃតម្រូវការដំឡូងបារាំង ត្រូវបានជំរុញដោយវិស័យនគរូបនីយកម្ម ដែលជាការពង្រីក និងរៀបចំទីក្រុងឱ្យមានរបៀបរៀបរយ ស្របទៅតាមភាពរឹកចម្រើននៃសេដ្ឋកិច្ច និងសង្គម ហើយប្រទេសមួយយ៉ាងឆាប់រហ័ស ការពង្រីកវិស័យសេវាកម្មម្ហូបអាហារ ដូចជាភោជនីយដ្ឋានសេវាកម្មរហ័ស ការកើនឡើងប្រាក់ចំណូល និងរបៀបរស់នៅក្នុងទីក្រុង។
ការពង្រីកនៅក្នុងខ្សែសង្វាក់លក់រាយ ការផលិតអាហារសម្រន់ និងការប្រើប្រាស់អាហារកែច្នៃក្នុងគ្រួសារ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការប្រើប្រាស់ដំឡូងបារាំង។ លោកបណ្ឌិត នីរាច ហ្សាម៉ា បានមានប្រសាសន៍ថា “ផ្សារទំនើប និងហាងលក់ទំនិញ បានពង្រីកយ៉ាងខ្លាំងនៅក្នុងតំបន់ ដោយបង្កើនលទ្ធភាពទទួលបានទាំងផលិតផលដំឡូងស្រស់ និងការកែច្នៃ។”
ស្ថាបនិក និងជានិពន្ធនាយកនៃកាសែត ភើថេថូ ញូវសិ៍ ធឺដេរ (Potato News Today) ដែលមានមូលដ្ឋាននៅប្រទេសកាណាដា លោកបណ្ឌិត ឡាក់គី ភីធើស៊ី (Lukie Pieterse) បាននិយាយថា កំណើនតម្រូវការក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការកើនឡើងយឺតនៅក្នុងទីផ្សា រដែលមានប្រាក់ចំណូលខ្ពស់ជាច្រើន ប៉ុន្តែកំពុងកើនឡើងនៅតំបន់អាស៊ី និងអាហ្វ្រិក។
លោកបានលើកឡើងថា “តម្រូវការដំឡូងបារាំងជាទូទៅបានកើនឡើង ប៉ុន្តែមិនមានលក្ខណៈដូចគ្នាទេ។ នៅទីផ្សារអាស៊ីអាគ្នេយ៍ ដំឡូងនៅតែជាអាហារចម្បង តែមានទំហំតូចជាង បើប្រៀបធៀបជាមួយអង្ករ មី ដំឡូងមី និងផ្លែចេក។
លោកបណ្ឌិត ឡាក់គី ភីធើស៊ី មានប្រសាសន៍ទៀតថា “កំណើនមានទំនោរច្រើនបំផុតនៅក្នុងទីក្រុង និងក្នុងចំណោមអ្នកប្រើប្រាស់មានប្រាក់ចំណូលមធ្យម ដែលដំឡូងត្រូវបានគេប្រើញឹកញាប់សម្រាប់ចម្អិនអាហារនៅផ្ទះ ម្ហូបបែបលោកខាងលិច និងអាហារងាយៗ។ ប្រទេសចិន និងឥណ្ឌា កំពុងជំរុញផលិតកម្មដំឡូងបារាំង ដែលមានបរិមាណចំនួន១០០លានតោន និងចំណែកប្រទេសឥណ្ឌាផលិតដំឡូងបារាំងបានជិត៥៨លានតោន។
បន្ទាប់ពីស្រូវ និងស្រូវសាលី ដំឡូងបារាំង គឺជាដំណាំអាហារដ៏សំខាន់បំផុតទីបីរបស់ពិភពលោក សម្រាប់មនុស្សបរិភោគ។ មនុស្សជាងមួយពាន់លាននាក់ នៅជុំវិញពិភពលោកបរិភោគដំឡូងបារាំង។ ផលិតកម្មដំណាំសរុបទូទាំងពិភពលោកមានប្រហែល៣៩០លានតោន ក្នុងឆ្នាំ២០២៤។
យោងតាមមជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណាកសិនល ដឺឡា ប៉ាប៉ា បានឱ្យដឹងថា មានពូជដំឡូងបារាំងជាង៤ ០០០ប្រភេទ ដែលភាគច្រើនត្រូវបានរកឃើញនៅតំបន់ អាន់ដេស (Andes) តាមបណ្តោយប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូង៕












