ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើនតម្រូវការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅតាមផ្ទះប្រជាជនចិន។
នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញគ្រាប់ពូជស្រូវរបស់ប្រទេសចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារតែមានតម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។
របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពីឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។
ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជស្រូវកូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែខ្លាំងសម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។
នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផលច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។
វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះស្រូវនៅទូទាំងប្រទេសហ្វីលីពីន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករនៅតែមានកម្រិតខ្ពស់ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួចផ្ដើមនានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ទិន្នផលស្រូវរបស់កសិករហ្វីលីពីន។
ចំណែកមូលនិធិពង្រឹងភាពប្រកួតប្រជែងស្រូវអង្ករ ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើនប្រាក់ចំណូលរបស់កសិករ ចំពេលមានការធ្វើសេរីភាវូបនីយកម្មគោលនយោបាយពាណិជ្ជកម្មស្រូវអង្ករ របស់ប្រទេសហ្វីលីពីន មូលនិធិនេះបានកើនឡើងពី១៦៦លានដុល្លារ ដល់៤៩៩លានដុល្លារ។
ដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីនេះ ក្រសួងកសិកម្មហ្វីលីពីន បានជំរុញឱ្យកសិករដាំពូជស្រូវតែមួយ ទៅពីរពូជប៉ុណ្ណោះ ប្រសិនបើពួកគេកំពុងត្រូវបានបម្រើដោយប្រព័ន្ធកែច្នៃអង្ករ ដែលជាផ្នែកមួយនៃកម្មវិធីយន្តការរបស់មូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្ករ។
នៅប្រទេសវៀតណាម កសិករផ្តោតលើពូជមួយ ឬពីរពូជប៉ុណ្ណោះក្នុងមួយតំបន់មួយ ដែលផ្តល់ឱកាសឱ្យរោងម៉ាស៊ីនកិនស្រូវ ដំណើរការជាបន្តបន្ទាប់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងធានាថា ទាំងកសិករ និងរោងម៉ាស៊ីនកិនស្រូវ រកចំណូលបានកាន់តែច្រើន។ កសិករហ្វីលីពីនអាចអនុវត្តវិធីសាស្រ្តដូចគ្នានៅទីនេះដែរ ដើម្បីធ្វើឱ្យវិស័យស្រូវអង្កររបស់ហ្វីលីពីនកាន់តែមានផលចំណេញ និងមាននិរន្តរភាព។
សម្រាប់ឆ្នាំ២០២៥-២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិករំពឹងថា ប្រទេសហ្វីលីពីននឹងផលិតបានស្រូវប្រមាណ១៩,៥២លានតោន សម្រាប់ឆ្នាំទីផ្សារ២០២៥-២០២៦ ដែលទាបជាងការព្យាករណ៍របស់ក្រសួងកសិកម្មថា មានបរិមាណចំនួន២០,៣លានតោន។
ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មអាមេរិករំពឹងថា ប្រទេសប៉ាគីស្ថាននឹងបង្កើនការទិញពូជស្រូវពីប្រទេសចិន ដោយសារពូជស្រូវកូនកាត់ផ្តល់ទិន្នផលខ្ពស់។
កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសហ្វីលីពីនបានបង្ហាញពីការបើកចំហរទីផ្សារនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកដៃគូផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន សម្រាប់នាំចូលទំនិញសំខាន់ៗ និងជៀសវាងការពឹងផ្អែកខ្លាំងពេកលើអ្នកផ្គត់ផ្គង់តែមួយ។
ប្រទេសប៉ាគីស្ថានបាននាំចេញអង្ករចំនួន៧៦ ៥២២តោន ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២៥ ឬប្រហែលពីរភាគរយនៃបរិមាណសរុបចំនួន៣,៣៩លានតោន។ វៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុត កាលពីឆ្នាំ២០២៥ ដោយបាននាំចេញអង្ករចំនួន២,៧លានតោន ទៅកាន់ប្រទេសហ្វីលីពីន៕












