មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានផ្តល់ពូជដំឡូងមី KU50 ដែលជាថវិកាគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់សហគមន៍កសិកម្មចំនួន៤ ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារប្រមាណ៤ម៉ឺនដើមដើម្បីទុកធ្វើការដំាដុះនៅរដូវកាលខាងមុខនេះ។
យោងតាមមន្ទីរកសិកម្មខេត្ត ការផ្តល់ជូននេះធ្វើឡើងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្យបុរីកាលថ្មីៗនេះហើយ សហគមន៍ដែលទទួលបានពូជដំឡូងមី KU50មាន៖ (១)-សហគមន៍កសិកម្ម លើកកម្ពស់កសិករចំនួន ១ ០០០ដើម, (២)-សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរីចំនួន ៣៧ ០០០ដើម, (៣)-សហគមន៍កសិកម្ម ត្បែងពីរសាមគ្គីរីកចំរើន ១ ០០០ដើម និង (៤)-សហគមន៍កសិកម្មក្របៅព្រហ្មទេព ១០០០ដើម។
ពូជដំឡូងមី KU50មានលក្ខណ:ពិសេសដូចជា៖(១)- អាចបន្សាំខ្លួនទៅនឹងមជ្ឍដ្ឋានដាំដុះបានល្អ, (២)-ដំណុះពូជដុះបានល្អ, (៣)-បរិមាណជាតិម្សៅខ្ពស់សមស្របជាមួយតម្រូវការទីផ្សារ, (៤)-ធន់ទ្រាំជាមួយអាកាសធាតុ និងជំងឺ និង (៥)-ជាប្រភេទពូជដែលទទួលបានទិន្នផលខ្ពស់ ។
យោងតាមកសិករ កឿន ខុន ជាសមាជិកសហគមន៍កសិកម្មសាមគ្គីភ្នំពេញបូរីបានឱ្យដឹងថា នៅពេលកន្លងមកកសិករនៅក្នុងតំបន់ធ្វើការដំាដំឡូងមីប្រើប្រាស់ពូជតតាមគ្នា ហើយដំាដុះច្រើនឆ្នំា វាបានធ្លាក់ចុះទំាងទិន្នផល និងកម្រិតជាតិម្ស៉ៅរបស់ដំឡូងមីផងដែរ។
លោក កឿន ខុន បន្តថា នៅពេលកន្លងមកមានក្រុមហ៊ុនដែលបានចុះមកប្រមូលទិញដំឡូងមីពីកសិករ ក៏ធ្លាប់បានណែនាំឱ្យទិញពូជ KU50នេះដែរ ថាវាមានភាពសមជាមួយនិងអាកាសធាតុនិងមានកម្រិតជាតិម្ស៉ៅខ្ពស់ តែកសិករខ្លះនៅមិនបានស្គាល់ច្បាស់ទេ តែសម្រាប់កសិករដែលបានធ្វើដាំដុះនៅក្នុងតំបន់ឃើញថា ទទួលបានទិន្នផលខ្ពស់ មើមធំ និងមានកម្រិតជាតិម្ស៉ៅច្រើន។ សម្រាប់ពូជដំឡូងមី KU50ដែលមន្ទីរផ្តល់ជូននេះ ខ្ញុំនឹងយកទៅធ្វើការដំាដុះ បែបសរីរាង្គទាំងអស់ ដើម្បីចង់ដឹងថាវាល្អកម្រិតណានៅពេលប្រមូលផល។
បើតាមកសិករខាងលើរូបនេះ ពូជដំឡូងមី KU50 ដែលទទួលបានពីមន្ទីរកសិកម្មខេត្តថ្មីៗនេះ មិនថារូបលោក ឬកសិកររស់នៅក្នុងតំបន់ផ្សេងទៀតនោះទេ បានយកពូជនេះទៅជ្រុំជើងទុក ឬបញ្ឈរទុកនៅតាមទីតំាងរបស់ខ្លួន ពុំទាន់ធ្វើការដំាដុះភ្លាមៗនោះទេ រងចំាដល់មានភ្លៀងធ្លាក់ក្នុងខែមេសាខាងមុខ ទើបចាប់ផ្តើមធ្វើការដំាដុះ ហើយអាចប្រមូលផលបាននៅខែវិច្ចិកា និងខែធ្នូ ឆ្នំា២០២៤នេះផ្អែកទៅលើតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។
ទាក់ទងនឹងការដំាដុះដំឡូងមីរបស់ប្រជាពលរដ្ឋនៅស្រុកគូលែន នាពេលបច្ចុប្បន្ននេះ, បើតាមលោក កឿន ខុន ប្រជាកសិករបានធ្វើការបែងចែកជាពីរផ្នែក មានការដំាដុះតាមបែបសរីរាង្គ និងដំាដុះបែបប្រើប្រាស់ថ្នំាគីមី។ សម្រាប់ការដំាដុះដំឡូងមីសរីរាង្គកសិករអាចទទួលបានទិន្នផលប្រមាណ១៨តោនក្នុងមួយហិកតា ឬលើសពីនេះអាស្រ័យលើការថែទំាហើយចំណាយតិចតួច។ ចំណែកការដាំដុះដំឡូងមីបែបគីមី កសិករអាចទទួលបានទិន្នផលច្រើននៅវគ្គដំបូងៗ ហើយចំណាយប្រាក់ច្រើនលើកម្លំាងពលកម្ម និងថ្នាំគីមីយកមកបាញ់សម្លាប់សត្វល្អិតដើម្បីការពារដំណាំដំឡូងមី។
លោក កឿន ខុន បានលើកឡើងថា ការដំាដំឡូងមីតាមបែបសរីរាង្គ កសិករមិនភ័យព្រួយអំពីទីផ្សារនោះទេ ដោយសារយើងជាសមាជិកសហគមបានចុះកុងត្រាជាមួយសហគមន៍រួចហើយ ទាមទារឱ្យយើងធ្វើការថែទំាឱ្យបានល្អទៅ មិនខ្វះឈ្មួញមកសួររកទិញនោះទេ តែអ្វីដែលយើងបារម្ភជាងគេគឺ ផលដំឡូងមីដំាតាមបែបប្រើប្រាស់ថ្នំាគីមី ទីផ្សារ និងតម្លៃរបស់វាមានការប្រែប្រួល។ ជាក់ស្តែងខ្ញុំដំាដំឡូងមីសរីរាង្គលើផ្ទៃដីជាងមួយហិកតាអស់រយៈពេល២ឆ្នំានេះ ខ្ញុំអាចលក់ដំឡូងមីសរីរាង្គស្រស់កាលពីដើមឆ្នំាបានថ្លែ៣៩០រៀល ខណៈដំឡូងមីដំាប្រើប្រាស់ថ្នំាគីមីលក់បានថ្លៃ៣២០រៀលក្នុងមួយគីឡូក្រាម៕
ដោយ៖Long Sareth