ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ជាពិសេសអង្ករសរីរាង្គសម្រាប់នាំចេញទៅក្រៅប្រទេស។
យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់សម្តេចធិបតី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះនាយកក្រុមហ៊ុន SunRice Group បានគោរពជម្រាបជូន សម្ដេចធិបតីថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។
ជាមួយគ្នានេះដែរ លោក Paul Serra បានកត់សម្គាល់ឃើញថា៖ « កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា នឹងឡូជីស្ទីកដ៏ល្អប្រសើរ»។
ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុន SunRice Group មានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។
ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ជាពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភជិត៥០ប្រទេស។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន SunRice Group ក្នុងការពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ ក៏បានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោក Paul Serra អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូន និងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា៖ «រាជរដ្ឋាភិបាល ក៏បាននឹងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាព ធុរកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជាកាន់តែមានសមត្ថភាព ប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន»។
ជាមួយគ្នានេះសម្តេចធិបតី ក៍បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទស្សនកិច្ចនៅកម្ពុជា ដើម្បី ស្វែងរកឱកាស វិនិយោគបន្ថែមទៀត ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅកម្ពុជា៕