ខេបថោន៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសាទរចំពោះការបញ្ចេញឱ្យប្រើវ៉ាក់សាំងការពារជំងឺអុតក្តាម ដែលផលិតក្នុងស្រុកលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា វាហួសពេលកំណត់ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាមកាន់តែខ្លាំងឡើងៗ។
អ្នកប្រឹក្សាពេទ្យសត្វ និងជានាយកបណ្តាញពេទ្យសត្វ អាហ្វ្រិកខាងត្បូង បានពណ៌នាការបញ្ចេញវ៉ាក់សាំងនេះថាជាភាពអាម៉ាស់របស់ប្រទេសជាតិ ដោយលើកហេតុផលថា វ៉ាក់សាំងនេះមិនមែនថ្មី ឬមិនមែនជារបកគំហើញទេ។
លោកបានលើកឡើងថា វ៉ាក់សាំងនេះត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១០ ដែលបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០២២ ព្រមទាំងទទួលបានការសាទរជាសាធារណៈថា ជាជោគជ័យនៅឆ្នាំ២០២៣ ប៉ុន្តែវ៉ាក់សាំងនេះមិនដែលបានផលិតក្នុងទ្រង់ទ្រាយធំនោះទេ ស្របពេលការផ្ទុះជំងឺអុតក្តាមគោកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទសអាហ្វ្រិកខាងត្បូង។
វ៉ាក់សាំងការពារជំងឺអុតក្តាម នេះត្រូវបានបង្កើតឡើងដោយមូលនិធិក្នុងស្រុក និងមានការចូលរួមពីអ្នកជំនាញ រួមទាំងអ្នកឯកទេសអន្តរជាតិផងដែរ ប៉ុន្តែមិនដែលផលិតចែកចាយទេ ចាប់តាំងពីពេលទើបផ្ទុះជំងឺអុតក្តាមដំបូងម្លេះ ដែលភ្លាមៗនោះ ប្រសិនបើមានវ៉ាក់សាំងនេះ អាចជួយទប់ស្កាត់ការឆ្លងរាលដាលបានខ្លះ។
ស្របពេលជាមួយគ្នានេះ នៅពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា គិតនៅត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ សត្វគោជាងពីរលានក្បាលត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាខ្វះវ៉ាក់សាំងទៅវិញ។
ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ជំងឺអុតក្តាមគោឱ្យមានប្រសិទ្ធភាពបាន គឺតម្រូវឱ្យមានវ៉ាក់សាំងប្រមាណ១៤លានដូស រៀងរាល់ប្រាំមួយខែ ដែលជាចំនួនលើសពី១២ ៩០០ដូស ដែលបានបញ្ចេញឱ្យប្រើកាលពីសប្តាហ៍មុន។ ករណីស្រដៀងនេះដែរ សូម្បីតែផែនការរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលត្រូវការវ៉ាក់សាំងរហូតដល់ប្រហែល២០ ០០០ដូស ក្នុងមួយសប្តាហ៍ ក៏មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់គោដែរ ដោយសារតែគោច្រើនជាងវ៉ាក់សាំង និងល្បឿននៃការឆ្លងមេរោគអុតក្តាមកំពុងតែរាលដាលខ្លាំងពេក។
ស្ថាប័នឧស្សាហកម្មចិញ្ចឹមគោនៅអាហ្វ្រិកខាងត្បូងមួយចំនួន បានលើកឡើងថា ការផលិតវ៉ាក់សាំងការពារជំងឺអុតក្តាមតាមកិច្ចសន្យា គឺជាការអនុវត្តតាមស្តង់ដារអន្តរជាតិ ដែលអាចជួយទប់ស្កាត់ការខ្វះខាតវ៉ាក់សាំង ប៉ុន្តែបែរធ្វើឱ្យកសិករមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ការពារគោកុំឱ្យឈឺងាប់ទៅវិញ។
ពួកគេអះអាងថា ការទន្ទឹងរងចាំឱ្យស្ថាប័នល្អឡើងវិញ ដោយមិនរកដំណោះស្រាយបន្ទាន់សិន ក៏ជាចំណែកនាំឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរក្នុងឧស្សាហកម្មចិញ្ចឹមសត្វ។
ចំណែកបណ្តាអង្គការផ្សេងទៀត បានព្រមានថា ការពន្យារពេលផលិតវ៉ាក់សាំងម្តងហើយម្តងទៀត មិនត្រឹមតែបង្កការគំរាមកំហែងដល់លទ្ធភាពធ្វើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់ការងារ សេដ្ឋកិច្ចជនបទ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសអាហ្រ្វិកខាងត្បូងផងដែរ ក្នុងនាមជាអ្នកនាំចេញគោរស់ និងផលិតផលសាច់គោ ទៅកាន់ទីផ្សារពិភពលោក។
អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងកសិកម្ម អាហ្វ្រិកខាងត្បូង បានចេញមុខការពារសកម្មភាពរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដោយនិយាយថា ការពង្រឹងឡើងវិញនូវផលិតកម្មវ៉ាក់សាំង ត្រឹមទាមទារឱ្យមានអភិបាលកិច្ចល្អ មានហេដ្ឋារចនាសម្ព័ន្ធ និងជំនាញបច្ចេកទេសច្បាស់លាស់។ បន្ទាប់ពីការធ្វេសប្រហែសអស់ជាច្រើនឆ្នាំ ការធ្វើពិពិធកម្មការនាំចូលវ៉ាក់សាំងពីប្រទេសជិតខាង ដូចជា ប្រទេសបុតស្វាណា និងប្រទេសតួកគី គឺជាយុទ្ធសាស្ត្រផ្សេងទៀតសម្រាប់ជាតិ។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ក៏បាននិយាយម្តងហើយម្តងទៀតថា យុទ្ធសាស្រ្តទប់ស្កាត់ជំងឺឆ្លងរបស់អាហ្រ្វិកខាងត្បូង ត្រូវបានយកតាមគំរូជោគជ័យរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ជាពិសេសប្រទេសប្រេស៊ីល និងប្រទេសអាហ្សង់ទីន ដែលបានលុបបំបាត់ជំងឺអុតក្តាមតាមរយៈការចាក់វ៉ាក់សាំង៕












