ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយក្រុមហ៊ុននៅក្នុងប្រទេអារ៉ាប់រួម ដើម្បីពង្រឹងភាពជាដៃគូអន្តរជាតិ និងពង្រីកឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ ក្រុមហ៊ុនអារ៉ាប់ ឈ្មោះ GREENWICH AFRI GENERAL TRADING FZ-LLC ដើម្បីស្វែងរកអ្នកប្រមូលទិញគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ដែលមានគុណភាពខ្ពស់ពីអ្នកផ្គត់ផ្គង់ល្បីៗនៅក្នុងប្រទេសកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានទទួលស្គាល់ថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាច្រើនតែមានតម្លៃខ្ពស់ជាងគូប្រជែងបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា អ្នកទិញកំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាព ជាជាងតម្លៃ។
លោកបានមានប្រសាសន៍ថា អ្នកទិញមិនព្រួយបារម្ភអំពីការហ៊ានថ្លៃខ្ពស់ជាងបន្តិចនោះទេ អ្វីដែលពួកគេចង់បាន គឺគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់ (Premium) សម្រាប់ទីផ្សារលំដាប់ខ្ពស់។
ការពង្រីកភាពជាដៃគូអន្តរជាតិឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើវិស័យស្វាយចន្ទីរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ទៅកាន់ទីផ្សារពិភពលោក។
ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការងារជាមួយដៃគូ ដែលមានប្រវត្តិការងារច្បាស់លាស់ក្នុងឧស្សាហកម្មនេះ និងអាចធានាបានថា គ្រាប់ស្វាយចន្ទីមានគុណភាពស្របតាមស្តង់ដារតឹងរឹង។ អ្នកប្រមូលទិញ ដែលត្រូវបានជ្រើសរើស ក៏នឹងត្រូវទទួលខុសត្រូវលើការរៀបចំការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីឆៅទៅកាន់ផែកម្ពុជា (FOB) រួចហើយបន្តទៅប្រទេសឥណ្ឌាសម្រាប់ធ្វើការកែច្នៃ។
លោក អួន ស៊ីឡុត បន្ថែមថា ក្រុមហ៊ុនអារ៉ាប់រួមមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូ ដែលផ្តល់អាទិភាពលើគុណភាព ភាពជឿជាក់ និងការដឹកជញ្ជូនទាន់ពេលវេលា ដែលឆ្លុះបញ្ចាំងពីតម្រូវការសកលកាន់តែខ្លាំងឡើងសម្រាប់ផលិតផលស្វាយចន្ទីលំដាប់ខ្ពស់។
ទាក់ទងជាមួយអ្នកប្រមូលទិញគួរឱ្យទុកចិត្តមួយចំនួន ដែលមានទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍កសិកម្មនៅទូទាំងប្រទេស។ វិធានការនេះមានគោលបំណងធានាឱ្យមានការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ដែលមានគុណភាពខ្ពស់ ប្រកបដោយនិរន្តរភាព និងគួរឱ្យទុកចិត្ត។
ដើម្បីពង្រឹងភាពជាដៃគូទាំងនេះឱ្យកាន់តែរឹងមាំ សមាគមស្វាយចន្ទីកម្ពុជា បានអញ្ជើញអ្នកទិញធំៗ ទៅទស្សនកិច្ចនៅចម្ការស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាតំបន់ដាំដុះស្វាយចន្ទីដ៏សំខាន់មួយរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱ្យអ្នកប្រមូលទិញនូវការយល់ដឹងផ្ទាល់អំពីការអនុវត្តការដាំដុះក្នុងស្រុក គុណភាពដំណាំ និងការលះបង់របស់កសិករខ្មែរ។
សមាគមស្វាយចន្ទីកម្ពុជា បង្ហាញនូវការជឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងបែបនេះនឹងបង្កើនតម្លាភាព បង្កើតទំនុកចិត្ត និងពង្រឹងភាពសុចរិតនៃខ្សែច្រវាក់ផ្គត់ផ្គង់។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានជួបជាមួយក្រុមហ៊ុនឥណ្ឌាចំនួន ១៦ ដែលមានបំណងចង់ទិញគ្រាប់ស្វាយចន្ទីឆៅកម្ពុជា ក្នុងបរិមាណដ៏ច្រើន ដើម្បីយកទៅកែច្នៃសម្រាប់នាំចេញបន្ត។ ការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកទិញឥណ្ឌា បានបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្វាយចន្ទីឈានមុខគេមួយនៅលើពិភពលោក៕










