ការនាំចេញផ្លែក្រូចឃ្វិចរបស់ប៉ាគីស្ថានរកចំណូលបាន៤០លានដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃ

image_2026-01-26_09-23-28

ការ៉ាជី៖ ការនាំចេញផ្លែក្រូចឃ្វិចរបស់ប្រទេសប៉ាគីស្ថានបានបន្តកើនឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអាហ្វហ្គានីស្ថានបានបិទក៏ដោយ ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ៤០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ដែលគ្របដណ្ដប់លើរយៈពេលនាំចេញខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន បានលើកឡើងថា ទោះបីជាមានការរំខានខ្លះចំពោះគោលដៅនាំចេញមួយចំនួនក៏ដោយ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន ក្រសួងបានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីជួយសម្រួលដល់អ្នកនាំចេញ និងបង្វែរទំនិញទៅកាន់គោលដៅទីផ្សារផ្សេងទៀត។

កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាបាននូវនិរន្តរភាពក្នុងការដឹកជញ្ជូន ព្រមទាំងការពារអ្នកដាំដុះ និងអ្នកនាំចេញឱ្យរួចផុតពីការខាតបង់។ យោងតាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញបានរក្សាល្បឿនថេរពេញមួយខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកមានសន្ទុះថេរក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមករា​ ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ខាន់ (Jam Kamal Khan) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថាននៅបរទេស អ្នកនាំចេញ អ្នកដាំដុះ និងដៃគូផ្នែកដឹកជញ្ជូន ដោយទទួលស្គាល់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការយកឈ្នះលើផលប៉ះពាល់នៃការបិទទីផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តម្រូវឱ្យមានដំណោះស្រាយរួមរបស់រដ្ឋាភិបាល និងគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ហើយបានកោតសរសើរចំពោះការលះបង់របស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សាច្រកនាំចេញឱ្យបើកចំហ និងប្រកបដោយការប្រកួតប្រជែង។

មន្ត្រីរបស់ប៉ាគីស្ថានបានសន្មតថា ការអនុវត្តនេះ គឺផ្តោតលើការផ្សព្វផ្សាយទីផ្សារ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមយ៉ាងជិតស្និទ្ធជាមួយអ្នកនាំចេញ។

ក្រសួងបានឱ្យដឹងទៀតថា ក្រសួងបានផ្តល់អាទិភាពដល់ការពង្រីកទីផ្សារនៅតំបន់មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងទិសដៅផ្សេងទៀត ព្រមទាំងធានាឱ្យបាននូវការអនុលោមភាពតាមស្តង់ដារគុណភាពអន្តរជាតិ និងភូតគាមអនាម័យ។

ទន្ទឹមនឹងនេះ អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បានបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈការជំរុញការនាំចេញឱ្យចំគោលដៅ ការសម្របសម្រួលជាមួយបេសកកម្មពាណិជ្ជកម្មក្រៅប្រទេស និងការគាំទ្រជាបន្តបន្ទាប់ដល់អ្នកនាំចេញក្នុងវិស័យដឹកជញ្ជូន និងឯកសារពាក់ព័ន្ធផ្សេងៗ។  ការសម្របសម្រួលកាន់តែប្រសើរឡើងរវាងអាជ្ញាធរសហព័ន្ធ និងវិស័យឯកជន បានជួយរក្សាកាលវិភាគដឹកជញ្ជូន និងរក្សាកេរ្តិ៍ឈ្មោះរបស់ប្រទេសប៉ាគីស្ថានក្នុងនាមជាអ្នកផ្គត់ផ្គង់ក្រូចឃ្វិច ដែលអាចជឿទុកចិត្តបាន។

និរន្តរភាពនៃការនាំចេញបានផ្តល់នូវប្រាក់ចំណូលជារូបិយប័ណ្ណបរទេសដ៏សំខាន់ និងពង្រឹងទំនុកចិត្តនៅទូទាំងខ្សែច្រវាក់តម្លៃក្រូចឃ្វិច ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ អ្នកកែច្នៃ អ្នកវេចខ្ចប់ និងអ្នកនាំចេញ។ ភាគីពាក់ព័ន្ធបានកត់សម្គាល់ថា មាគ៌ាដ៏រឹងមាំ ទោះបីជាមានបញ្ហាប្រឈមពីខាងក្រៅខ្កះក៏ដោយ ក៏ឆ្លុះបញ្ចាំងពីភាពធន់នៃការនាំចេញកសិផលរបស់ប៉ាគីស្ថាន និងប្រសិទ្ធភាពនៃការសម្របសម្រួលការនាំចេញ ដែលដឹកនាំដោយរដ្ឋាភិបាល។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ប៉ាគីស្ថាន បានឱ្យដឹងថា សន្ទុះនៃការនាំចេញផលិតផលក្រូចឃ្វិច កំពុងត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានសម្រាប់វិស័យនាំចេញកសិផលកាន់តែទូលំទូលាយ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញកំណើន ដែលនាំមុខដោយការនាំចេញ និងការធ្វើពិពិធកម្មទីផ្សារ។

រដូវប្រមូលផលដំណាំហូបផ្លែរបស់ប្រទេសប៉ាគីស្ថាន បានចូលមកដល់នៅក្នុងខែមករានេះ តម្លៃកសិផលនៅតាមកសិដ្ឋានផ្ទាល់បានធ្លាក់ចុះយ៉ាងខ្លាំង។ ចំណែកអ្នកកែច្នៃភេសជ្ជៈទឹកក្រូច ឱតម្លៃផ្លែក្រូចស្រស់ប្រហែល៣០០រូពី ឬប្រហែល១,១០ដុល្លារ សម្រាប់ក្រូច៤០គីឡូក្រាម។ តម្លៃដើមផលិតបានធ្លាក់ចុះពី២ ៥០០ ទៅ៣ ២០០រូពី មកនៅត្រឹម៩០០ ទៅ១ ២០០រូពី ឬប្រហែល៤,៣០ដុល្លារ ក្នុងក្រូចឃ្វិចមួយតោន។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០២២រហូតមក ការកើនឡើងនៃតម្លៃធាតុចូល មានដូចជាជី និងថ្នាំសម្លាប់សត្វល្អិត កសិករដាំក្រូចឃ្វិច បានរាយការណ៍ថា ប្រាក់ចំណូលរបស់ពួកគាត់បានធ្លាក់ចុះពី១០០ ០០០រូពី ឬប្រហែល៣៦០ដុល្លារ ដល់ប្រហែល ៣០ ០០០ រូពី ឬប្រហែល១១០ដុល្លារ ក្នុងចម្ការទំហំមួយហិកតា។

ផ្ទុយទៅវិញ ប្រទេសប៉ាគីស្ថានបានពង្រីកការនាំចេញក្រូចឃ្វិចទៅកាន់ទីផ្សារក្នុងឈូងសមុទ្រ និងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបិទព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងឆ្នាំ២០២៥។ មុនពេលបិទច្រកព្រំដែននេះ ពាណិជ្ជកម្មទ្វេភាគីជាមួយអាហ្វហ្គានីស្ថាន មានទំហំទឹកប្រាក់ជាង១,៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ប្រសិនការបិទច្រកព្រំដែននេះ នៅអូសបន្លាយយូរទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញក្រូចឃ្វិច នៅរដូវរងាឆ្នាំ២០២៦នេះ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ