បារាំងរឹតបន្តឹងច្បាប់ស្តីពីសំណល់ថ្នាំពុល តែអ្នកនាំចូលថាស្របតាមអនុលោមភាព

0192-16

ប៉ារីស៖ ការចេញបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ មានសំណល់សារធាតុថ្នាំគីមីលើសកម្រិតមួយចំនួន បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំងនៅដើមឆ្នាំ២០២៦នេះ។

បទប្បញ្ញត្តិថ្មី ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរដ្ឋកិច្ចផ្លូវការរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី៥ ខែមករា និងចូលជាធរមាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់កម្រិតសំណល់អតិបរមាសម្រាប់សារធាតុថ្នាំគីមីពុល មានឈ្មោះដូច កាបង់ដាហ្សីម (Carbendazim) ត្យូផាណាត-មេទីល  (Thiophanate-methyl) គ្លុយហ្វូស៊ីណាត (Glufosinate) និងសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប (Mancozeb) ដែលប្រើធ្វើឱ្យផ្លែឈើស្រស់ៗ និងសម្រាប់កែច្នៃបន្លែជាច្រើនប្រភេទ។

ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុប ឈ្មោះ ម៉ុងតូសា (Montosa) បាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។ ចំណែកសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប ត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

នាយកផ្នែកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនម៉ុងតូសា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៧ មន្ទីរពិសោធន៍មីក្រូជីវសាស្រ្តបានអនុញ្ញាតឱ្យប្រើលើផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួន ហើយត្រូវបានអនុញ្ញាតឱ្យប្រើ ដើម្បីអនុវត្តការវិភាគសំណល់សារធាតុគីមីផងដែរ។

លោកស្រីបាននិយាយថា សារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប គឺស្ថិតក្នុងចំណោមសារធាតុសកម្ម ដែលត្រូវបានវិភាគជាផ្នែកមួយនៃផែនការត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយផលិតផលបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនមិនមានសំណល់នៃសារធាតុនេះទេ។

ស្ត្រីតំណាងក្រុមហ៊ុន បានបង្ហាញទៀតថា ការអនុលោមតាមច្បាប់គួរតែផ្សារភ្ជាប់ទៅនឹងប្រព័ន្ធត្រួតពិនិត្យគុណភាព និងតម្រូវការអ្នកផ្គត់ផ្គង់។ ដូច្នេះ អ្នកលក់រាយនៅអឺរ៉ុបបានអនុវត្តតាមលក្ខណៈបច្ចេកទេស ដែលអាចប្រើសារធាតុគីមីនេះលើសពីកម្រិតច្បាប់អនុញ្ញាត ហើយអ្នកនាំចេញត្រូវធ្វើទាំងក្នុងដែនកំណត់របស់ច្បាប់ និងតម្រូវការរបស់អតិថិជន។

យោងតាមក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើ បានឱ្យដឹងទៀតថា ការត្រួតពិនិត្យគុណភាពត្រូវបានអនុវត្តទាំងនៅក្នុងខ្សែសង្វាក់ផលិតផលស្រស់ៗ និងខ្សែសង្វាក់វេចខ្ចប់កែច្នៃ។ ក្រុមហ៊ុនបានអះអាងដូច្នេះ គឺសំដៅទៅលើបណ្តាញផ្គត់ផ្គង់របស់ខ្លួន ដែលរួមមានអ្នកដាំដុះជាង៣ ០០០នាក់នៅប្រទេសអេស្ប៉ាញ និងនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាម៉េរិកឡាទីន។

ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើ ម៉ុងតូសា បាននិយាយទៀតថា ការប្រាស្រ័យទាក់ទងជាមួយអ្នកដាំដុះត្រូវបានពង្រឹង បន្ទាប់ពីការបោះពុម្ពផ្សាយបទប្បញ្ញត្តិថ្មីរបស់បារាំង នៅក្នុងសៀវភៅរដ្ឋកិច្ច ដើម្បីធានាថា រាល់ការដាំដុះ និងការដែទាំដំណាំ ត្រូវតែស្របតាមច្បាប់កំណត់អំពីសំណល់សារធាតុគីមី។

ចំណែកលោកស្រីនាយកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន នាងបាននិយាយអះអាងថា «យើងបានដឹងរួចហើយថា បន្លែ និងផ្លែឈើ ដែលយើងនាំចូលពិតជាមិនមានសំណល់សារធាតុគីមី ម៉ង់កូហ្សែបទេ»។

បទប្បញ្ញត្តិថ្មីរបស់បារាំង ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីបញ្ហាសុខភាពសាធារណៈ និងផលប៉ះពាល់នៃការនាំចូលកសិផលពីបរទេសមកលើផលិតផល និងទីផ្សារកសិផលក្នុងប្រទេសបារាំង។ ក្រោយពេលច្បាប់ថ្មីនេះចូលជាធរមាន អ្នកនាំចូល និងអ្នកចែកចាយបន្លែ និងផ្លែឈើ នៅក្នុងប្រទេសបារាំង ត្រូវឱ្យបង្ហាញពីការអនុលោមភាពតាមកម្រិតសំណល់សារធាតុគីមី ដែលច្បាប់អនុញ្ញាត។

ពាក់ព័ន្ធនឹងសំណល់សារធាតុគីមីនៅលើផលិតផលបន្លែ និងផ្លែឈើនេះ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនុយ (Sebastien Lecornu) បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ដាច់ខាត នៅក្នុងសហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។ វិធានការនេះផ្តោតសំខាន់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ថ្មីនេះ អាជ្ញាធរបារាំងនឹងពង្រឹងការត្រួតពិនិត្យការនាំចូលតាមព្រំដែនឱ្យកាន់តែតឹងរ៉ឹង។ ការងារនេះនឹងត្រូវអនុវត្តដោយក្រុមអធិការកិច្ចជំនាញ ដែលមានភារកិច្ចផ្ទៀងផ្ទាត់ការអនុលោមភាពលើការនាំចេញផ្លែឈើ ដែលមានកម្រិតសំណល់ថ្នាំគីមីពុលស្របតាមស្តង់ដារបស់សហភាពអឺរ៉ុប។

ច្បាប់ថ្មីរបស់បារាំង ត្រូវបានធ្វើឡើងស្របតាមបរិបទថ្មី នៅក្នុងសហភាពអឺរ៉ុប ដែលកាន់តែរឹតបន្តឹងនូវការអនុវត្តច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ។ កសិករក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប បានលើកឡើងម្តងហើយម្តងទៀតអំពីការប្រកួតប្រជែងជាមួយការនាំចូលផលិផលផ្លែឈើ ដែលដាំដុះក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិខុសគ្នាស្រឡះពីការអនុវត្តនៅក្នុងសហភាពអឺរ៉ុប។ ការរឹតបន្តឹងនេះអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកនាំចេញផ្លែឈើពីបណ្តាប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ចូលទៅកាន់ប្រទេសបារាំង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ