ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋខ្នាតធំចិន CNCEC-FCCបានស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ពោលបានមើលឃើញកម្ពុជា ជាមូលដ្ឋានពង្រីកឧស្សាហកម្មផលិតជីសម្រាប់វិស័យកសិកម្មនៅកម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមប្រតិភូនៃក្រុមហ៊ុន Fourth Construction កាលថ្មីៗនេះ លោក Zhou Hong បានលើកឡើងថា ក្រុមហ៊ុន CNCEC-FCC ជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមីឥន្ធនៈ កម្រិតខ្ពស់នៅលើសកលលោក។
លោក Zhou Hong បានបញ្ជាក់ថា គោលបំណងក្នុងការសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។
ការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។
គួរបញ្ជាក់ដែរផងដែរថា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មឧស្សាហកម្ម។
យោងតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥បានបង្ហាញថា បរិមាណជីកសិកម្មដែលបាននាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាមានបរិមាណសរុបជាង១,៧លានតោន ចែកចេញជា ៥ប្រភេទ៖ ជីគីមីមានជាង ១,២លានតោន ជីសរីរាង្គជាង ៤៥ម៉ឺនតោន ជីកែលម្អដី៧ ១០០តោន វត្ថុធាតុដើមជី ចំនួន ៤ ៦៧០តោន និងជីជីវសាស្ត្រ ចំនួន ៦ ៤៦០តោន។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ តម្លៃជីកសិកម្មមានការថយចុះ ធៀបជាមួយឆ្នាំ២០២៣។ តាមរយៈការសង្កេតបានឱ្យឃើញថា តម្លៃជី DAP បានធ្លាក់ចុះពី ៣៩,៥៤ដុល្លារក្នុង១បាវ (ទង្ងន់៥០គីឡូក្រាម) មកត្រឹម ៣៦,៣៨ដុល្លារ តម្លៃជីអ៊ុយរ៉េ បានធ្លាក់ចុះពី ៣៨,៧៣ដុល្លារ មកត្រឹម ២៩,៧ដុល្លារក្នុង១បាវ តម្លៃជី NPK បានធ្លាក់ចុះពី ៣៨,៧១ដុល្លារ មកត្រឹម ៣៥,២៩ដុល្លារក្នុង១បាវ ចំណែកតម្លៃជី Kali/KCIបានធ្លាក់ចុះពី៣៦,៧៥ដុល្លារ មកត្រឹម៣២,៣១ដុល្លារក្នុង១បាវ។
នៅឆ្នាំ២០២៤ក្រសួងបាន (១)-បានទទួលសំណើសុំចុះបញ្ជីកាថ្នាំកសិកម្មពីក្រុមហ៊ុនលក់ថ្នាំកសិកម្ម និងចែកចាយសម្ភារៈកសិកម្មបានចំនួន ១២៧ក្រុមហ៊ុនដែលសរុបចំនួន ២ ១៣៥មុខ (២)-បានទទួលសំណើសុំនាំចូលថ្នាំកសិកម្មពីក្រុមហ៊ុនលក់ថ្នាំកសិកម្មចំនួន ១៤៥ក្រុមហ៊ុន ដែលមានចំនួន៥ប្រភេទ ស្មើនឹង៤ ២៣៧ យថាប្រភេទដែលមានបរិមាណសរុបជាង១៣ម៉ឺនតោន និង(៣)-បានទទួលសំណើសុំពិសោធន៍ជីវប្រសិទ្ធភាពថ្នាំកសិកម្មនៅទីវាល ពីក្រុមហ៊ុនលក់ចែកចាយសម្ភារ និងថ្នាំកសិកម្ម និងបាននិងកំពុងធ្វើពិសោធន៍លើថ្នាំកសិកម្មសរុបចំនួន ១ ៣៩៨មុខ៕






