ដោយ ឡុង សារេត
ភ្នំពេញ៖ អ្នកដំណាងកសិដ្ឋាន i7 កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសង្កេតឃើញថា បន្ទាប់ពីកសិដ្ឋាននាំយកទឹកស្ពាមពូជគោ និងមេបាពូជ ដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយក្បាលចូលមកអភិវឌ្ឍន៍នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកចិញ្ចឹមមេគោពូជ នៅក្នុងស្រុកជាច្រើនបានងាកមកបង្កាត់ពូជគោតាមបែបសិប្បនិម្មិត ដើម្បីបានផលចំណេញនៅគ្រាបន្ទាប់។
លោក អឿន សុផល តំណាងកសិដ្ឋាន i7កម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នចំណាប់អារម្មណ៍របស់ពលរដ្ឋនៅតាមទីជនបទ ពិសេសអ្នកប្រកបមុខរបរចិញ្ចឹមគោ បានងាកមកបង្កាត់ពូជគោតាមបែបសិប្បនិម្មិតនេះបានច្រើន។
មូលហេតុពួកគាត់ទទួលបានពូជគោសុទ្ធ ដោយសារកសិដ្ឋានមានទឹកស្ពាមពូជគោប្រាម៉ាន់មានគុណភាពល្អ ហើយចំពោះចរន្តទីផ្សារទិញគោក្នុងពេលបច្ចុប្បន្ន អ្នកដើរប្រមូលទិញគោ ផ្តោតទៅលើកូនគោ ដែលបង្កាត់ពូជបែបសិប្បនិម្មិត រវាងពូជគោប្រាម៉ាន់ជាមួយពូជគោក្នុងស្រុក។
បើតាមតំណាងកសិដ្ឋានខាងលើ គោកើតមកពីការបង្កាត់ពូជនេះ វាងាយស្រួលក្នុងការថែទាំ ហើយឆាប់លូតលាស់បានលឿន ខុសប្លែកពីពូជគោធ្លាប់មាន។ លើសពីនេះជួយឱ្យកសិករ ឬអ្នកចិញ្ចឹមកាត់បន្ថយថ្លៃផលិតគោឱ្យធ្លាក់ចុះទាប។
លោក អឿន សុផល បានអះអាងថា ការលក់ទឹកស្ពាមពូជគោប្រាម៉ាន់បច្ចុប្បន្នកំពុងមានសន្ទុះមានការកើនឡើងប្លែកពីធម្មតា បើប្រៀបធៀបនៅពេលកន្លងមក ដោយក្នុងមួយខែអាចផ្គត់ផ្គង់ទឹកស្ពាមពូជគោប្រាម៉ាន់ជាមធ្យមបានប្រមាណជាង១០០ដូស ឬ១០០យូនីត៕








