ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យក្តីអ្នកនាំចេញក្រវាញឥណ្ឌា មានសេចក្តីសង្ឃឹមក្នុងការបញ្ជូនការដឹកជញ្ជូនទៅក្រៅប្រទេសកាន់តែច្រើន ជាពិសេសទៅកាន់ទីផ្សារនៅតំបន់មជ្ឈឹមបូ៌ពា សម្រាប់រដូវបុណ្យរ៉ាម៉ាដន ខាងមុខនេះ។
កសិករ និងអ្នកនាំចេញក្រវាញ បាននិយាយថា ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេស ហ្គាតេម៉ាឡា ធ្វើឲ្យប្រទេសឥណ្ឌាមានឱកាសល្អក្នុងការនាំចេញផ្លែក្រវាញក្នុងបរិមាណច្រើនរហូតដល់ចំនួនពី១ ២០០ ទៅ១៤ ០០០តោន។
អ្នកនាំចេញបាននិយាយថា នៅឆ្នាំ២០២៥នេះផលិតផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា នឹងផ្តល់ទិន្នផលប្រហែលពី១៧ ០០០ តោន ឬ១៤ ០០០តោនប៉ុណ្ណោះ ដែលជាធម្មតា តែងតែផ្តល់ទិន្នផលក្រវាញប្រហែល៤០ ០០០ ទៅ៥០ ០០០តោន។ បន្ទាប់ពីគ្រោះរាំងស្ងួតកាលពីឆ្នាំ២០២៤ ផលិតផលក្រវាញហ្គាតេម៉ាឡា ដែលទើបតែដាំឡើងវិញនឹងផ្តល់បានប្រហែល២២ ០០០តោន ដូច្នេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅមជ្ឈឹមបូព៌ាបានឡើយ។
ទន្ទឹមនឹងនេះ រដូវប្រមូលផលនៅតាមតំបន់មានក្រវាញជាច្រើន នៅក្នុងប្រទេសឥណ្ឌា កំពុងតែចាប់ផ្តើម ហើយនឹងមានការប្រមូលផលរហូតដល់ខែមីនា ឆ្នាំ២០២៦។ នៅឆ្នាំ២០២៥ នឹងមានការប្រមូលវិញផ្លែក្រវាញចន្លោះពី៣០,០០០ ទៅ៣១,០០០តោន ក្នុងតម្លៃជាមធ្យមគឺ២៥២០រូពី ឬស្មើនឹង២៨ដុល្លារ ក្នុងមួយគីឡូក្រាម។
អ្នកដាំក្រវាញ បាននិយាយទៀតថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ល្អប្រសើរបន្ទាប់ពីគ្រោះរាំងស្ងួតអែលនីញ៉ូកើតឡើងនៅក្នុងឆ្នាំ២០២៤ ចំណេកលក្ខខណ្ឌធម្មជាតិឡានីញ៉ូ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ល្អនៅនិទាឃរដូវ នាខែមីនា ឆ្នាំ២០២៦។
ចំណែកនាយកសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ បាននិយាយថា ការខូចខាតក្រវាញនៅក្នុងប្រទេសហ្គាតេម៉ាឡា បានផ្តល់ឱកាសសម្រាប់ប្រទេសឥណ្ឌា ក្នុងការពង្រីកទីផ្សារក្រវាញនៅលើពិភពលោក។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ក្រវាញឥណ្ឌា ដែលសម្បូរសារធាតុប្រេង និងមានគុណភាពខ្ពស់ បានប្រឹងប្រកួតប្រជែងជាមួយនឹងបរិមាណដ៏ច្រើននៃការនាំចេញក្រវាញរបស់ប្រទេសហ្គាតេម៉ាឡាដែលមានតម្លៃថោកជាង នៅក្នុងទីផ្សារមជ្ឈិមបូព៌ា មានដូចជា ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសគុយវ៉ែតជាដើម។ នៅពេលផលិតផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡាធ្លាក់ចុះ អ្នកនាំចេញរបស់ឥណ្ឌាកំពុងសង្ឃឹមយ៉ាងខ្លាំងក្នុងការដណ្តើមយកចំណែកទីផ្សារនេះ។
លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ក្រវាញធំជាងគេនូវរដូវបុណ្យរ៉ាម៉ាដន ដែលតម្រូវការកាហ្វេកាក្រវាញ នឹងមានតម្រូវការខ្ពស់បំផុត ដូច្នេះ ការនាំចេញរបស់ឥណ្ឌានឹងកើនពី១២ ០០០តោន ទៅ១៤ ០០០តោន គឺកើនលើបណ្តាឆ្នាំកន្លងមក ដែលនាំចេញក្រវាញបានត្រឹមតែ៦ ០០០ ទៅ៨ ០០០តោន។
ទីផ្សារក្រវាញនៅតំបន់មជ្ឈិមបូព៌ា នៅពេលបច្ចុប្បន្ននេះ ជាពិសេសម្រាប់រដូវបុណ្យរ៉ាម៉ាដន មិនមានក្រវាញរបស់ហ្គាតេម៉ាឡាច្រើនឡើយ ដែលក្រវាញឥណ្ឌាសព្វថ្ងៃមានតម្លៃប្រហែល៣៥ដុល្លារក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលនៃតម្លៃនឹងបង្កផលពិបាកសម្រាប់អ្នកនាំចេញ ដែលបានសន្យានាំចេញក្នុងបរិមាណខ្ពស់ និងក្នុងរយៈពេលវែង៕








