ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹក
ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំនួន ៥ខេត្ត។
ខេត្តចំនួន ៥នោះ រួមមាន ៖
១/ រដ្ឋករទឹកកំពត ខេត្តកំពត
២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។
សម្ដេច នាយករដ្ឋមន្ត្រីបន្ថែមទៀតថា “យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹស្អាតមានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត”៕