មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពតម្លៃស្រូវកសិករលក់លើទីផ្សារ

THN2 copy

 

ភ្នំពេញ៖ យោងតាម​ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ​តម្លៃស្រូវរាយការណ៍ដោយមន្រ្តីកសិកម្មឃុំនៅថ្ងៃទី 17 វិច្ឆិកា 2024 នៅបណ្តាឃុំនិងខេត្តមួយចំនួនជាទូទៅតម្លៃស្រូវរាងល្អជាងថ្ងៃ 16 វិច្ឆិកា 2024 ។ជាក់ស្តែង តម្លៃស្រូវនៅឃុំស្ពានត្នោត ស្រុកជីក្រែង​ ខេត្តសៀមរាប ស្រូវផ្ការំដួលមិនសុទ្ធ 1250៛/គក ស្រូវផ្ការំដួលសុទ្ធល្អ តម្លៃពី1280៛-1320៛ អាស្រ័យ​លើស្ថានភាពស្រូវធៀបនឹងថ្ងៃទី16 តម្លៃស្រូវរំដួលកើនឡើង20៛ក្នុង1គីឡូក្រាម។​

ចំណែក តម្លៃស្រូវនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រូវផ្ការំដួល 1315៛ (ស្រូវល្អ) តម្លៃស្រូវនៅឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ស្រូវផ្ការំដួល 1280៛/គក ស្រូវក្រសាំងទាប 980៛/គក

ធៀបនឹងថ្ងៃទី ១៦ វិច្ឆិកា ២០២៤ តម្លៃកើនឡើងមួយលេខទាំងផ្ការំដួល និងក្រសាំងទាប។​

តម្លៃស្រូវ(សើម)ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រង៉ែ = ១០៧០៛/kg- OM 5451 = ១០៣០៛/kg- ផ្កាម្លិះ និងផ្ការំដួល = ១២៧០៛/kg។ចំពោះ តម្លៃស្រូវសើម នៅឃុំស្រែសង្គម និង ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី តម្លៃស្រូវ OM5451 1040រៀល ពូជចម្រុះ950រៀល(ចំនួនច្រើន)។

សម្រាប់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛? យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។

ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។ ឯកឧត្តមបាន​បញ្ជាក់ថា ខ្ញុំដឹងច្បាស់ព្រោះខ្ញុំបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់ ហើយកសិករសមាជិកសប្បាយចិត្តខ្លាំងណាស់ ដែលលក់បានក្នុងតម្លៃ៩៥០៛/គីឡូ។

នៅមានកត្តាផ្សេងៗទៀត ដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជាស្រូវដែលមានគុណភាពក្រោមស្តង់ដា ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាលជាដើម។ អ្នកដែលបំផុសថា បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ1289 មានចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករយើង។

ថ្លៃស្រូវឆ្នាំ២០២៣គឺជាករណីពិសេសមួយ ដែលឥណ្ឌាបិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%-៣០%ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំនេះមិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ទៅទៀតផង។

មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលជូនបងប្អូនកសិករយើងលើបញ្ហាទីផ្សារនិងតម្លៃស្រូវ ហើយប្រសិនបើនៅមានចម្ងល់អ្វីពាក់ព័ន្ធនឹងចំណុចទាំងនេះ អាចទំនាក់ទំនងសុំព័តមានបន្ថែមពីលេខទូរស័ព្ទ១២៨៩បាន។

សូមបញ្ជាក់ថា ថ្លៃនេះគឺជាថ្លៃមធ្យមនៃស្រូវសើម ចុះទិញផ្ទាល់ដល់ទីវាល និងមានគុណភាពស្តង់ដា។ ជាក់ស្តែងអាចមានទាបជាងនេះ ឬខ្ពស់ជាងនេះបន្តិចបន្តួច ចំណែកឯថ្លៃស្រូវមានគុណភាពអន់គឺជារឿងដាច់ដោយឡែក។ មានចម្ងល់ អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមទៅលេខ ១២៨៩ បាន។

 


06 (7)
ហ្វីលីពីនដាក់គោលដៅពង្រីកផ្ទៃដីដាំដំឡូងឈាមមាន់ សម្រាប់នាំចេញក្រៅប្រទេស

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំកញ្ចប់ថវិកាប្រមាណ៥លានដុល្លារសម្រាប់ពង្រីកការដាំដំឡូងឈាមមាន់ ឱ្យកើនឡើងទ្វេដង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ថវិកានេះនឹងត្រូវប្រើដើម្បីបពង្រីកផ្ទៃដីដាំដុះ​ ឱ្យកើនឡើងដល់១​ ០០០ហិកតា ក្នុងឆ្នាំដំបូង។ ក្រសួងកសិកម្មហ្វីលីពីន​​​ គ្រោងចំណាយថវិកាប្រហែល១៣ ០០០ដុល្លារ ក្នុងមួយហិកតា សម្រាប់អនុវត្តជំហ៊ានដំបូង ដែលរួមមានការអភិវឌ្ឍកសិដ្ឋាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដុះ ដោយកំណត់ពេលឱ្យស្របនឹងរដូវប្រមូលផល និងបណ្ដុះពូជ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ​​ ធៀវ ឡូរ៉ែល​​ (Francisco Tiu Laurel)បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់អភិវឌ្ឍឧស្សាហកម្មដំណាំដំឡូងឈាមមាន់ ឱ្យកាន់តែចាប់អារម្មណ៍នៅទីផ្សារបរទេស។ ដូច្នេះ រដ្ឋាភិបាលចងឱ្យដំណើរការផ្គត់ផ្គង់ និងការដាំដុះមានស្ថិរភាពល្អ។ ក្រសួងកសិកម្មមានផែនការពន្លឿនការបណ្ដុះកូនដំឡូង ព្រមទាំងការបណ្តុះជាលិកាដំឡូងផងដែរ។ កូនដំឡូងសម្រាប់ដាំនឹងត្រូវមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដាំដុះ និងទប់ស្កាត់មិនឱ្យប្រទេសដទៃយក ពូជដំឡូងឈាមមាន់របស់ហ្វីលីពីន ទៅដាំបន្ត រួចហើយលក់ប្រកួតជាមួយហ្វីលីពីន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយ ដែលរដ្ឋាភិបាលហ្វីលីពីន ទើបចេញដើម្បីហាមឃាត់ដោយគ្មានពេលកំណត់ចំពោះការនាំចេញមើមដំឡូងឈាមមាន់ស្រស់ មិនមែនមានន័យថា ហាមឃាត់ការនាំចេញ ផលិតផលដំឡូងនោះទេ ប៉ុន្តែដើម្បីការពារពូជដំឡូងរបស់ខ្លួនកុំឱ្យប្រទេសដទៃយកពូជទៅដាំដែរ៕​​​ (ផាន់​​ អាណា)

Food-Estate_Getty-HEADER
ឥណ្ឌូណេស៊ីថា មិនចាំបាច់កាប់បំផ្លាញព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។ លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។ លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។ ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។ លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។ ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ […]

images (1)
រដ្ឋាភិបាលថៃអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត ដោយសារមេមាន់លង់ទឹកងាប់ច្រើនពេក

បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។ រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់​ ឬជិត៥០០រៀល។ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។ នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។ យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។ ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕​ (ផាន់ អាណា)

tg_image_1183698445
វៀតណាម រកឃើញជ្រូកជាង៤ ០០០ក្បាល ទម្ងន់ជាង៦០០តោន មានផ្ទុកសារធាតុគីមី

ហូជីមិញ៖​ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន។ អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ ​ ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោនថែមទៀត។ ចំណែកសាច់ជ្រូកមានសារធាតុគីមីជាង១០​ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត ២៣ លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។ នគរបាលវៀតណាមធ្វើតេស្ត​រកឃើញថា ជ្រូកសុទ្ធតែមានផ្ទុកសារធាតុគីមី​សាលប៊ូតាម៉ុល​ (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។ សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា​ អាល់ប៊ូតេរ៉ូល​ (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន​ និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ​ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល​ និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត។ នគរបាលវៀតណាម​ បានឆែកឆេរទីតាំងចំនួន២១កន្លែង […]

កាលវិភាគផ្សព្វផ្សាយ