(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។
នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖
(១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd
(២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd
(៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd
(៤). ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export
(៥). Mirarth Agri Tech និង Balha Sweets។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី បានបង្ហាញនូវគ្រាប់ស្វាយចន្ទីកម្ពុជាដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោកដល់តំណាងវិស័យឯកជនអូស្ត្រាលី ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញបន្ថែមទៀតផងដែរ។
យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។
បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។