នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងពេលបច្ចុប្បន្ន បាននឹងកំពុងមានសកម្មភាពដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់យ៉ាងសកម្ម និងជាទីតំាងសម្រាប់ចិញ្ចឹមត្រីក្នុងបែដ៏ធំមួយ។ ផ្អែកលើសកម្មភាពដែលបាននឹងកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ ឃុំជ័យធំ អាចនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំមួយ ហើយក៏អាចទទួលបានការចាប់អារម្មណ៍ ពីអ្នករកស៊ីនៅក្នុងវិស័យកសិកម្មផងដែរ ស្របពេលទីតំាងសក្តានុពលមួយទទួលបានការយកចិត្តទុកដាក់ជាប្រចំារបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។
ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នបានសាងសង់ផ្ទះសំណាញ់ដាំបន្លែបានចំនួន ៧២ ផ្ទះសំណាញ់ និងបែចិញ្ចឹមត្រីចំនួន ១០ បែ លើផ្ទៃដី១០ហិកតា ក្រោមគម្រោងកសិកម្មឆ្លាតវៃ ដែលគាំទ្រដោយសារធនាគារ ARDB ដើម្បីជំរុញការផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមបង្កើតការងារក្នុងតំបន់តាមមូលដ្ឋាន ហើយតាមរយៈគម្រោងកសិកម្មឆ្លាតវៃ នេះបានបង្កើតការងារសម្រាប់កម្មករក្នុងស្រុកមានចំនួន ១៥គ្រួសារ។
គម្រោងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយតម្លើងសូឡាបូមទឹក និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រពដំណាំ ជាពិសេស ការដាំដុះបន្លែ អនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មល្អ បន្លែសុវត្ថិភាព ដោយផ្តោតលើបន្លែស្លឹក និង បន្លែផ្លែ ដែលមានដូចជា ស្ពៃក្រញ៉ាញ់, ស្ពៃតឿ ,ស្ពៃចង្កឹះ ,ខាត់ណាដើម, ស្ពៃពួយឡេង, សាឡាត់ខ្មែរ, ផ្កាខាត់ណាលឿង-ខៀវ ម្ទេសហាវៃ និងម្ទេសដៃនាង ហើយគម្រោងក៏បានចិញ្ចឹមត្រីអណ្តែង និងត្រីទីឡាព្យាផងដែរ។
បច្ចុប្បន្ន គម្រោងនឹងរៀបចំផែនការផលិតបន្លែក្នុងបរិមាណពី៥០០គីឡូ ទៅ ១តោន ក្នុង ១ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារនៅរាជធានីភ្នំពេញដើម្បីជំរុញការផលិតក្នុងមូលដ្ឋានមាននិរន្តរភាព និងមានទីផ្សារ និងតម្លៃសមរម្យ។ គម្រោងកសិកម្មឆ្លាតវៃ នឹងរៀបចំបង្កើតផ្សារប្រមូលផ្តុំ និងផ្សារលក់រាយ នៅទីតាំងកសិដ្ឋាន ដើម្បីសម្រួល ដល់បងប្អូន ប្រជាកសិករដែលផលិតបន្លែ ចិញ្ចឹមត្រី សត្វ និងកសិផលផ្សេងៗទៀត យកមកដាក់លក់នៅរៀងរាល់សប្តាហ៍។ គម្រោងរៀបចំផ្សារណាត់ ចុងសប្តាហ៍ នេះ គឺដើម្បីផ្សារភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកប្រមូលទិញ ក្នុងតំបន់ និងអាចទាក់ទាញ ឈ្មួញ ពីខាងក្រៅតំបន់ផងដែរ។ ជាមួយគ្នានេះ ការរៀបចំបង្កើត និងផ្សារភ្ជាប់ទីផ្សារនេះ អាចជួយអោយកសិករងាកមកផលិតបន្លែ និងផលិតផលកសិកម្មផ្សេងៗ ដោយមិនចាំបាច់ ធ្វើកម្មករចំណាកស្រុក និងអាចបង្កើនចំណូលគ្រួសារតាមរយៈការលក់ផលិតផលកសិកម្ម៕
ដោយ៖ Long sareth