ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែលកសិករប្រមូលផលស្រូវចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិតនៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹងប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។
ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកផ្សេងទៀតធ្វើការសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅតាមតំបន់មួយរយៈកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ បាន១៥ពាន់តោននៅត្រឹមចុងខែតុលានេះ។
បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម ក្រុមហ៊ុនបានប្រមូលទិញស្រូវសែនក្រអូបពីប្រជាកសិករ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។
ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន ដោយសារ៖(ទី១)រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវយើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង និងម្យ៉ាងទៀតមានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។
ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦,៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១,៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២,៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៦,០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២,២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៩,៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣,៨៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២,០១% ប្រភេទអង្ករស ធម្មតា ២២,៥២% អង្ករចំហ៊ុយ ៣,៣១% អង្ករសរីរាង្គចំនួន ១,៨២% និងអង្ករផ្សេងៗចំនួន ០,៣៤% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦,១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦,៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕