ក្រុមហ៊ុននាំចេញអង្ករធំៗ​បាន​​តាំងបង្ហាញពូជស្រូវផ្ការំដួលអង្ករល្អបំផុត​របស់កម្ពុជា​

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ​ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត​ ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា​ និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិន​នៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

សម្រាប់ឆ្នាំ២០២៤​ នេះ​ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលលើកទី០១​ គឺនៅឆ្នាំ២០១៤​ ហើយឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។​កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។

កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ​ SAIL Paris ឆ្នាំ២០២៤​ នេះ​ មានក្រុមហ៊ុនចំនួន ៧​ ៨០០ ក្រុមហ៊ុន​ មកពី​ ១៣០​ ប្រទេស​ បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិតផលចំនួន ៤០០ ០០០ប្រភេទ​ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ ។

 

កម្មវិធីនេះ ​​មានអ្នកទស្សនាអាជីពចំនួន (Trade Visitor) ២៨៥ ០០០នាក់ មកពីជាង ២០០ប្រទេស ដែលក្នុងនោះក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិធំៗ​ (Top Buyer)​ ចំនួនជាង ៨ ០០០​ ក្រុមហ៊ុន ដែលមានសមត្ថភាពទិញ (Purchasing Power)​ ក្នុងទំហំទឹកប្រាក់ ៥០បីលាន អឺរ៉ូ​ (50 Billion Euro) ក៏បានចូលរួមផងដែរ។

នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះផងដែរ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា​ ក៏ទទួលបាននូវកិត្តិយស​ និងការគាំទ្រ​ តាមរយ:ការចូលរួមទស្សនាដោយផ្ទាល់ ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហគ្រិនខ្មែរ តំណាងគម្រោង Feed the Future Harvest III និងភ្ញៀវអន្តរជាតិជាច្រេីនទៀតផងដែរ។

ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក​ត្រូវបានចូលរួមគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)​ តាមរយៈគម្រោង Feed the Future Cambodia Harvest III។


photo_2025-01-23_10-57-01
ក្រុមការងាររបស់អង្គការ WWFរកឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពក

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី  រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។ តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ យោងតាម​អង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។ បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំ​បានដើរតួនាទីសំខាន់​​ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា​ ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញក៏ជាទីជម្រក​ធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់​ការរស់នៅរបស់​ប្រភេទ​សត្វដ៏កម្រនេះផងដែរ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះ​នៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពី​ធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមាន​សត្វក្រពើ​ភ្នំច្រើនជាង​គេដែល​ប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោម​ការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕

photo_2025-01-23_10-56-31
កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅភូមិព្រះដាក់ខេត្តសៀមរាបទទួលបានការគាំទ្រមានទីផ្សារពីម្ចាស់អាជីវកម្មអាំងសាច់ក្នុងតំបន់

សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។ អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។ អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។ បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។ អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕

កាលវិភាគផ្សព្វផ្សាយ