ភ្នំពេញ៖ ប្រជាកសិករមកខេត្តបាត់ដំបងជាង៣០នាក់ កាលពីសប្តាហ៍មុន បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសដាំដំណាំ និងអត្ថប្រយោជន៍ដាំដុះដំណាំវិលជុំស្របតាមស្តង់ដាអនុវត្តកសិកម្មល្អ នៅក្នុងកសិដ្ឋានដ៏លេចធ្លោមួយកន្លែង ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កសិដ្ឋានប្រសិទ្ធ បានឱ្យដឹងថា សិក្ខាកាមទាំងអស់មានចំនួន៣១នាក់ បានអញ្ជេញមកធ្វើទស្សនកិច្ចសិក្សាក្រោមការសម្របសម្រួល និងដឹកនាំដោយអង្គការមនុស្សចាស់កម្ពុជា ខេត្តបាត់ដំបង។
ក្រោយពីបានដើរមើលបច្ចេកទេសដាំនៅក្នុងផ្ទះសំណាញ់រួច ប្រជាកសិករទាំងនេះបានសម្តែងការស្ងើចសរសើរចំពោះបច្ចេទេសសម្រាប់ដំណើរការដាំដុះនៅក្នុងផ្ទះសំណាញ់របស់កសិដ្ឋាន ដើម្បីទទួលបានផលិតផលបន្លែមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់ទទួលទាន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី កៅ លីនដា ប្រធានកសិដ្ឋានប្រសិទ្ធ បានមានប្រសាសន៍ចែករំលែកបទពិសោធ និងចំណេះដឹងក្នុងការដាំដំណាំបន្លែវិលជុំក្នុងផ្ទះសំណាញ់របស់លោកស្រី ដើម្បីពួកគាត់យកទៅអនវុត្តពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ។
កសិដ្ឋានប្រសិទ្ធ គឺជាថ្នាលដាំបន្លែវិលជុំគ្រប់មុខសម្រាប់ផ្តល់ជូនអតិថិជន និងទីផ្សារដៃគូនានា ដោយប្រមូលផលផ្ទាល់ពីកសិដ្ឋាន ដែលដាំដុះក្នុងបរិស្ថានស្អាតស្របតាមស្តង់ដាអនុវត្តកសិកម្មល្អ (Good Agricultural Practices-GAP) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។ កសិដ្ឋាននេះមានទីតាំងស្ថិតនៅស្របផ្លូវជាតិលេខ៥១ ភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល៕