ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

2025-03-03 14.43.53

រដ្ឋធានីខេបថោន៖  ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ   លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។

ក្នុងជំនួបនេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមាននៅកម្ពុជា។

 

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំដល់ភាគី អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម បន្តជួយគាំទ្រដល់បេសកកម្មរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានារវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគាំទ្រលើការអនុវត្ត គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)  ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន។

នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុ​ជាសកលនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពី «ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល»។ ចំណែកក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ​ឯកឧត្តមបណ្ឌិត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត និងអញ្ជើញជាវាគ្មិនលើប្រធានបទស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ»។

សន្និបាតហិរញ្ញវត្ថុជាសកល គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ គឺជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង៥៣៣ស្ថាប័ន មកពីជុំវិញពិភពលោក ដែលបានរួមចំណែកលើការវិនិយោគប្រមាណ១០ភាគរយនៃការវិនិយោគលើការអភិវឌ្ឍពិភពលោកសរុបជារៀងរាល់ឆ្នាំ។

សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ និងការអភិវឌ្ឍន៍ប្រ​កបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។

សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព​» ដោយគ្រោងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភ​ចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ  សំដៅដល់ការលើកកម្ពស់កំណើនប្រកប​ដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់​ការ​បែងចែក​ឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ​ដើម្បី​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​​ត្រូវ​បាន​គេ​ទុក​ចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា «តាមរយៈសន្និបាតនេះ ខ្ញុំនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព»។

នៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសមាជិកសន្និបាតហិរញ្ញវត្ថុជាសកល ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលរៀបចំដោយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។

កិច្ចប្រជុំចង្អៀតនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ កៀរគរមូលធន និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។

ចំណែកនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ នារដ្ឋធានីខេបថោននៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង មុនការចាប់ផ្តើមនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយ ឯកឧត្តមបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) ដែលប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រមាណជាង៥​៣០ស្ថាប័ន មកពីជុំវិញ​ពិភពលោក។

សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖

ទី១- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​ ដែលមានសមាជិកមកពី៤១ប្រទេស។

ទី២-សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន (ALIDE) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ  ដែលមានសមាជិកមកពី២២ប្រទេស។

ទី៣- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក (AADFI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ដែលមានសមាជិកមកពី៥០ប្រទេស។

ទី៤- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៊ីស្លាម (ADFIMI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី  ដែលមានសមាជិកមកពី១៩ប្រទេស។

ទី៥- សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប (ELTI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក ដែលមានសមាជិកមកពី២៣ប្រទេសនៃសហគមអឺរ៉ុប។

សហព័ន្ធពិភពលោកនេះ គឺ​តំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោល​​បំណងលើកកម្ពស់ការអភិវឌ្ឍឱ្យ​​កាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិ​រញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះមានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរួមមានការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ​, ការលើកកម្ពស់បរិយាប័ន្នសង្គម និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល៕

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ