ដោយ ឡុង សារេត
ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់៣ភាគរយប៉ុណ្ណោះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។
សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់ថា កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយ ភាយពីពហុវិបត្តិផ្ទួនៗ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
លោក កេនីជីរ៉ូ កាហ្សីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្ម Article IVនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសរំលេចអំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ ដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។
លោកក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ការពង្រឹងអភិបាលកិច្ច ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល និងការពង្រឹងការរក្សា និងចែករំលែកទិន្នន័យជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់៤,២ភាគរយ ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ជាពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក។
ចំណែកសកម្មភាពចាយវាយក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់។ យ៉ាងណាមិញ វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះជាងការរំពឹងទុកដែលឆ្លុះបញ្ចាំងតាមរយៈធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែកពី និន្នាការកើនឡើងនៃភ្ញៀវទេសចរជាតិក្តី។
យោងតាមប្រភពដដែលបានបង្ហាញថា ក្នុងបរិការណ៍ប្រទេសកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួន ដូចជាប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិក្នុងគោលដៅបង្កើតមុខរបរ និងការងារធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ និងរៀបចំជាបីកញ្ចប់អន្តរាគមន៍រួមបញ្ចូលវិធានការ ដែលមានកម្មវិបាកភ្លាមៗ និងវិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម។
កញ្ចប់វិធានការទី១ផ្តោតលើការរក្សាលំនឹងជីវភាពដោយផ្សារភ្ជាប់នឹងការបង្កើតការងារ កញ្ចប់វិធានការទី២ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងកញ្ចប់អន្តរាគមន៍ទី៣ ផ្តោតលើការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។ កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់១ ២៤៤លានដុល្លារ ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន៤ គឺថវិការដ្ឋ ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍ ។
បន្ថែមលើនេះ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង រាជរដ្ឋាភិបាលបានព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការដាក់ចេញឱ្យអនុវត្តនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលជាចលនការស្នូលក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្តទប់ទល់នឹងពហុ វិបត្តិពីខាងក្រៅបាន។
ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការរក្សាស្ថិរភាពថ្លៃអគ្គិសនី ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី ការពង្រឹងសន្តិសុខថាមពល និងជាពិសេសការអភិវឌ្ឍថាមពលបៃតងផងដែរ។
ចំណែកឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់អំពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងការស្វែងរកការងារ និងបណ្តុះបណ្តាលជំនាញព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ៕








