ណៃពិដោ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលភូមា បានមានប្រសាសន៍ កាលពីដើមខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសភូមា និងប្រទេសបេឡារុស បានឯកភាពសហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈប្រតិភូភូមា ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ នៅប្រទេសបេឡារុស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
លោកអនុរដ្ឋមន្ត្រីភូមា បានបញ្ជាក់ថា ក្នុងអំឡុងពេលលោកជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីកសិកម្ម និងឧស្សាហកម្មខ្នាតតូចរបស់ប្រទេសបេឡារុស ប្រទេសទាំងពីរបានយល់ព្រមពង្រីកពាណិជ្ជកម្ម និងបង្កើនការវិនិយោគ។
លោកបានបន្ថែមថា វិស័យសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាពគ្នា រួមមាន ការនាំចេញបង្គាក្លាស្សេរបស់ភូមា កាហ្វេអារ៉ាប៊ីកា សំឡីកប្បាស និងផ្លែឈើ ដោយនាំចូលមកវិញនូវ ផលិតសាច់ និងផលិតផលទឹកដោះគោរបស់បេឡារុស។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការបណ្តាក់ទុនរួមគ្នា ដើម្បវិនិយោគលើវិស័យកសិឧស្សាហកម្ម ក្នុងការកែច្នៃប្រេងធញ្ញជាតិ វាយនភ័ណ្ឌ ការផលិតស្ករស និងផលិតគ្រឿងចក្រកសិកម្ម។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ដើម្បីសិក្សាពីដំណើរការផលិតកម្មកម្រិតខ្ពស់ គណៈប្រតិភូភូមា បានចូលរួមពិព័រណ៍ឯកទេសអន្តរជាតិ លើកទី៣៦ និងបានទស្សនារោងចក្រគ្រប់គ្រងដោយរដ្ឋ សម្រាប់កែច្នៃដំឡូង ស្ករស ប្រេងកាណូឡា និងរោងចក្រតម្បាញ់ផងដែរ។
ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនេះ បានបញ្ចប់ដោយមានការជួបជាមួយមន្ត្រីជាន់ខ្ពស់របស់បេឡារុស មកពីស្ថាប័នសិក្សាធំៗចំនួនបួន មានដូចជា បណ្ឌិត្យសភាកសិកម្មរដ្ឋបេឡារុស ដើម្បីបង្កើតភាពជាដៃគូផ្នែកវិទ្យាសាស្ត្រ និងចាប់ផ្តើមកម្មវិធីផ្លាស់ប្តូរនិស្សិតរវាងសាកលវិទ្យាល័យកសិកម្មនៃប្រទេសទាំងពីរ។
កាលពីដើមខែមីនា ឆ្នាំ២០២៦ មេដឹកនាំភូមា លោក មីន អួងឡាំង (Min Aung Hlang) បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបេឡារុស ដើម្បីរឹតបន្តឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចព្រមព្រៀង និងកិពង្រឹងច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
ក្នុងដំណើរទស្សនកិច្ចនាពេលនោះ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានទំនាក់ទំនងការទូតទ្វេភាគី សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងកីឡា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការតាមវិស័យនានារវាងប្រទេសទាំងពីរ៕










