ជំងឺប៉េសជ្រូកអាហ្វ្រិកផ្ទុះឡើងវិញនៅកូរ៉េខាងជើង ធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ និងផ្គត់ផ្គង់មិនគ្រប់តម្រូវការ

image_2026-04-24_09-10-42

ព្យុងយ៉ាង៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស និងជារឿយៗមានវីរុសដ៏កាចសាហាវលើសត្វជ្រូក បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះ បាននិងកំពុងរីករាលដាលជាថ្មីនៅតាមតំបន់មួយចំនួននៃប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២៦នេះ ដោយបានធ្វើឱ្យចំនួនសត្វជ្រូកទាំងនៅតាមកសិដ្ឋានរបស់រដ្ឋ និងនៅតាមផ្ទះឯកជន ធ្លាក់ចុះយ៉ាងគំហុក ព្រមទាំងធ្វើឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំងនៅតាមទីផ្សារ។

យោងតាមសារព័ត៌មាន ដេលី ខេអិន (Daily NK) មានស្នាក់ការនៅកូរ៉េខាងត្បូង ប៉ុន្តែផ្សាយតែព័ត៌មានអំពីកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦​ បានចេញផ្សាយអត្ថបទមួយដកស្រង់សម្តីកសិករចិញ្ចឹមជ្រូកកូរ៉េខាងជើង ដែលលើកឡើងថា ចំនួនមេជ្រូកពូជនៅតាមកសិដ្ឋាននៃការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដែលជាទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងជើង បានធ្លាក់ចុះនៅគ្រប់ទីកន្លែងចិញ្ចឹម ដោយសារខ្វះការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ជាពិសេសផ្នែកអនាម័យ និងសុខមាលភាពសត្វ។

ការធ្លាក់ចុះចំនួនជ្រូកពូជក៏បានធ្វើឱ្យខ្វះកូនជ្រូក សម្រាប់គ្រួសារឯកជន ដើម្បីចិញ្ចឹម ដែលលទ្ធផលបានបង្ហាញថា ចំនួនគ្រួសារចិញ្ចឹមជ្រូកនៅប្រទេសកូរ៉េខាងជើង ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនតិចជាង៣០ភាគរយនៃចំនួនសរុប ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

ប្រភពដកស្រង់សម្តីរបស់មន្ត្រីការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វរបស់រដ្ឋ បានបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិក កំពុងផ្ទុះឆ្លងរាលដាលនៅតាមតំបន់ចិញ្ចឹមជ្រូកសំខាន់ៗរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែពុំមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាឡើយ។

ប្រទេសកូរ៉េខាងជើងបានរាយការណ៍ជាលើកដំបូង អំពីការផ្ទុះឡើងវិញនៃជំងឺប៉េសជ្រូកអាវហ្វ្រិក ហើយប្រាប់ទៅអង្គការសុខភាពសត្វពិភពលោក (World Organization for Animal Health) ដែលជាស្ថាប័នអន្តរជាតិតាមដានការផ្ទុះឡើងនៃជំងឺសត្វ នៅលើពិភពលោក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយបានបង្ហាញករណីផ្ទុះជំងឺឆ្លងនៅក្នុងខេត្តមួយរបស់ប្រទេសកូរ៉េខាងជើង ហើយបានឆ្លងរីករាលដាលពាសពេញប្រទេសតែម្តង។ នៅពេលនោះ តម្លៃសាច់ជ្រូកបានហក់ឡើងពីប្រហែល៨ ០០០វុនកូរ៉េខាងជើង ឬស្មើនឹង៨ដុល្លារ រហូតដល់១០ ០០០វ៉ុនកូរ៉េខាងជើង ឬស្មើនឹង១០ដុល្លារ ក្នុងមួយគីឡូក្រាម។

ប្រភពក្នុងស្រុកបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ សាច់ជ្រូកនៅតែពិបាករកទិញនៅតាមទីផ្សារ ក្នុងប្រទេសកូរ៉េខាងជើង បើទោះបីជាឡើងថ្លៃខ្ពស់ក៏ដោយ។

អាជ្ញាធរកូរ៉េខាងជើងបានដាក់ចេញនូវគោលនយោបាយមួយចំនួន ក្នុងគោលបំណងបង្កើនផលិតកម្មកូនជ្រូកតាមរយៈកសិដ្ឋានរបស់រដ្ឋ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះហាក់ដូចជាមិនទទួលបានជោគជ័យឡើយ ដោយសារខ្វះថវិកា គ្មានឧបករណ៍គ្រប់គ្រាន់ និងខ្វះបុគ្គលិកជំនាញមើលថែទាំជ្រូក។

ចំណែកបញ្ហាក្នុងប្រព័ន្ធគ្រប់គ្រងការងារជាច្រើនកំពុងធ្វើឱ្យជំងឺប៉េសជ្រូកអាហ្វ្រិកផ្ទុះរាលដាលឡើងវិញ ដោយសារកត្តាទីមួយ កង្វះគ្រឿងផ្សំចំណីសត្វ ដែលបណ្តាលមកពីការលំបាកផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យមានការលំបាកក្នុងការរក្សាអនាម័យចាំបាច់ ដូច្នេះអ្នកចិញ្ចឹមជ្រូកក៏យកកាកសំណល់តាមផ្ទះបាយ និងសំណល់អាហារផ្សេងៗ មកឱ្យជ្រូកស៊ី ដូច្នេះទើបបង្កការផ្ទុះរីករាលដាលជំងឺកាន់តែខ្លាំង។ ការអនុវត្តបែបនេះត្រូវបានចាត់ទុកថា ជាហានិភ័យនៃការចម្លងមេរោគកាន់តែលឿន។ ចំណែកកត្តាគ្មានអនាម័យនៅតាមទីសត្តឃាត និងគ្មានការគ្រប់គ្រងច្បាស់លាស់ កំពុងបង្កឱ្យមេរោគកាន់តែឆ្លងរីករាលដាល។ រីឯ ប្រតិបត្តិការចិញ្ចឹមជ្រូកតាមផ្ទះឯកជន ដែលស្ថិតនៅក្រៅស្ថិតិផ្លូវការ និងគ្មានប្រព័ន្ធគ្រប់គ្រងជំងឺច្បាស់លាស់ កំពុងបង្កលក្ខណៈងាយស្រួលឱ្យមេរោគអាចឆ្លងរីករាលដាលដោយមិនអាចរកឃើញ។

សារព័ត៌មាន ដេលី ខេអិន បានចោទជាសំណួរថា ដូច្នេះ តើកូរ៉េខាងជើងគួរឆ្លើយតបបែបណា ដើម្បីទប់ស្កាត់ជំងឺនេះ ទន្ទឹមនឹងការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់សាច់ជ្រូកនៅតាមទីផ្សារ?

សារព័ត៌មានដដែលនេះ បានផ្តល់អនុសាសន៍ដូច្នេះថា ទី១ អាជ្ញាធរកូរ៉េខាងជើងត្រូវវាយតម្លៃដោយស្មោះត្រង់ចំពោះបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺប៉េសជ្រូកអាហ្វ្រិក ឱ្យបានទាន់ពេលវេលានៅពេលជំងឺរផ្ទុះឡើងដំបូងភ្លាម និងដើម្បីពិនិត្យដោយសត្យានុម័តលើដែនកំណត់នៃប្រព័ន្ធគ្រប់គ្រងជំងឺ។ ការឆ្លើយតបរហូតមកដល់ពេលនេះ បានដាក់បន្ទុកលើសលប់លើអ្នកផលិត ដោយមិនផ្តល់ការគាំទ្របែបវិជ្ជមាន ឬផ្តល់ជម្រើសអាចទទួលយកបាន។ សូម្បីតែគោលនយោបាយ ដែលបានអនុវត្តក្នុងនាមផលប្រយោជន៍សាធារណៈ ត្រូវតែមានភាពបត់បែន និងប្រាកដនិយមគ្រប់គ្រាន់ ដើម្បីទទួលបានកិច្ចសហប្រតិបត្តិការពីប្រជាជន ដែលកំពុងតែមានជីវភាពរស់នៅយ៉ាងលំបាក ឬពួកគេនឹងត្រូវបរាជ័យក្នុងការបង្កើតទំនុកចិត្តលើរបរចិញ្ចឹមជ្រូក។

ចំណែកអនុសាសន៍ទីពីរ គោលនយោបាយមានសារៈសំខាន់ណាស់ក្នុងការធានាថា អ្នកផលិត និងអ្នកប្រើប្រាស់ មានលក្ខខណ្ឌផលិតកម្មស្ថិរភាព ដែលអនុញ្ញាតឱ្យពួកគេសហការជាមួយភ្នាក់ងារត្រួតពិនិត្យជំងឺរបស់រដ្ឋ។ ទន្ទឹមនឹងនេះ គួរតែពិចារណារកវិធានការផ្គត់ផ្គង់បន្ថែម តាមរយៈការចូលរួមពីខាងក្រៅ ដើម្បីបន្ធូរបន្ថយអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការសាច់ជ្រូកនៅក្នុងប្រទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ