បាត់ដំបង៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅសាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង ដើម្បីត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល និងដាក់ចេញវិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ។
កិច្ចប្រជុំនេះមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជាពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការត្រួតពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ដែលបានបញ្ចេញតាមរយៈធនាគារ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួមមាន៖
១- មូលហេតុនៃតម្លៃស្រូវធ្លាក់ចុះ៖ តំណាងរោងម៉ាស៊ីន និងប្រធានសហពន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្ន មិនត្រឹមតែកើតឡើងដោយកត្តាប្រមូលផលក្នុងស្រុកច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងដោយឥទ្ធិពលចម្បងពីកត្តាទីផ្សារសកល និងការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លា ជាមួយប្រទេសជិតខាង និងអន្តរជាតិ ជាពិសេសក្រោយពេលដែលប្រទេសនាំចេញអង្ករធំៗមានការប្រែប្រួលគោលនយោបាយ និងការបញ្ចេញស្តុក (ដូចជាប្រទេសឥណ្ឌា) ធ្វើឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិមានភាពប្រែប្រួលយ៉ាងគំហុក។
២- បញ្ហាឃ្លាំងស្តុកស្រូវ៖ ដោយសារតែរោងម៉ាស៊ីននានា បានបន្តខិតខំប្រើប្រាស់កម្ចីមូលនិធិពិសេសនេះ ប្រមូលទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាព ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃ និងជួយជីវភាពកសិករ ជាហេតុធ្វើឱ្យឃ្លាំងស្តុកស្រូវ/អង្ករមានសភាពពេញលឿនហួសពីសមត្ថភាពផ្ទុក ដែលជាសម្ពាធធំសម្រាប់រដូវប្រមូលផលខាងមុខ។
៣- ការប្រកួតប្រជែងទីផ្សារអន្តរជាតិ៖បញ្ហាប្រឈមនៃតម្លៃអង្ករកម្ពុជា ដែលពិបាកប្រកួតប្រជែងជាមួយអង្ករថៃ និងវៀតណាម លើទីផ្សារអន្តរជាតិនៅតែក្តៅគគុក ទាមទារឱ្យមានការចរចារ និងយុទ្ធសាស្ត្រនាំចេញថ្មី។
ដំណោះស្រាយ និងវិធានការបន្ទាន់ ដែលដាក់ចេញដើម្បីដោះស្រាយស្ថានការណ៍នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្ររួមមាន៖
– ការបង្កើនលំហូរទុនបន្ថែម៖ ARDB នឹងត្រៀមខ្លួនបន្តបញ្ចេញកញ្ចប់ឥណទាន ប្រកបដោយភាពបត់បែន ដើម្បីធានាលទ្ធភាពប្រមូលទិញស្រូវនៅរដូវខាងមុខ។
– យន្តការលក់ចេញ និងទីផ្សារ៖ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជាបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងយុទ្ធសាស្ត្រនាំចេញ និងស្វែងរកទីផ្សារដែលមានតម្លៃល្អជាងមុន ព្រមទាំងជំរុញការកែច្នៃអង្ករប្រភេទពិសេសៗ ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែង។
– ការរៀបចំផែនការផលិតកម្ម៖ ជំរុញឱ្យរោងម៉ាស៊ីន និងកសិករចុះកិច្ចសន្យាកសិកម្ម និងផ្តោតលើការដាំដុះពូជស្រូវ ដែលទីផ្សារត្រូវការខ្ពស់ដើម្បីកាត់បន្ថយហានិភ័យពីការធ្លាក់ចុះតម្លៃ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយការសន្យាថា នឹងមានការសហការគ្នាយ៉ាងសកម្មរវាងរដ្ឋាភិបាល តាមរយៈធនាគារ ARDB និងវិស័យឯកជន ដូចជាសហពន្ធស្រូវអង្ករកម្ពុជា និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវ និងធានាបាននូវនិរន្តរភាពក្នុងវិស័យកសិកម្ម៕












