ក្រុមហ៊ុននាំចេញផ្លែក្រូចអាហ្វ្រិកខាងត្បូង បន្តពង្រីកវត្តមានផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញកំណើនតម្រូវការក្នុងតំបន់ ក្រោយពីប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ២០២៤ ដើម្បីបើកទីផ្សារសម្រាប់ផលិតផលផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូង។
នៅក្នុងឆ្នាំ២០២៥នេះ ប្រទេសអាហ្វ្រិកខាងត្បូងបានដឹកជញ្ជូនផ្លែក្រូចឃ្វិចចំនួន៥៣ ៣១១កេស ដែលក្នុងមួយកេសទម្ងន់១៥គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម គឺកើនឡើងចំនួន២០៩ ៥៦៩កេស កើនលើសឆ្នាំ២០២៤។
ស្ថាប័នឧស្សាហកម្មផ្លែក្រូចឃ្វិច បានកត់សម្គាល់ថា កំណើននេះឆ្លុះបញ្ចាំងពីឱកាសកាន់តែទូលំទូលាយនៅទូទាំងទ្វីបអាស៊ី ដែលក្រៅពីវៀតណាម ទីផ្សារដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិនត្រូវបានគេមើលឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូងផងដែរ។
ប្រជាជនវណ្ណៈកណ្តាល ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសវៀតណាម ចាប់ផ្តើមពេញនិយមផលិតផលផ្លែក្រូចឃ្វិចស្រស់ៗរបស់អាហ្វ្រិកខាងត្បូង ដែលអាចផ្គត់ផ្គង់ទីផ្សារចាប់ពីខែមិថុនា ដល់ខែតុលា។
ក្នុងរដូវប្រមូលក្រូចឃ្វិច ឆ្នាំ២០២៥ ទទួលបានទិន្នផលចំនួន ៥៣,៥លានប្រអប់ ដែលត្រូវបានវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើង២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នផលដ៏ល្អនេះ បានជួយពង្រឹងតម្រូវការក្នុងការធានាទីផ្សារ ដែលមានសក្តានុពលខ្ពស់ ដូចជាវៀតណាមសម្រាប់ប្រភេទក្រូចឃ្វិច។
ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នាពេលថ្មីៗកន្លងមកនេះ ប្រធានាធិបតិអាហ្វ្រិកខាងត្បូង បានពិភាក្សាអំពីការនាំចូលក្រូចអាហ្រិកផងដែរ។
រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងបានជួបប្រជុំជាមួយសមភាគីវៀតណាម ដើម្បីជំរុញការចូលប្រើប្រាស់ទីផ្សារសម្រាប់ប្រភេទក្រូចបន្ថែម និងដោះស្រាយលក្ខខណ្ឌពាណិជ្ជកម្ម ដែលនៅសេសសល់។ វៀតណាមត្រូវបានពិពណ៌នាថា ជាគោលដៅមួយ ស្របពេលប្រទែសអាហ្វ្រិកខាងត្បូង កំពុងធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយអត្រាពន្ធនាំចូលផងដែរ។
អ្នកតំណាងឧស្សាហកម្មផ្លែក្រូច បាននិយាយថា កំណើននៃតម្រូវការផ្លែក្រូច នៅទីផ្សារអាស៊ីអាចជួយស្រូបយកផ្លែក្រូចអាហ្វ្រិកក្នុងបរិមាណច្រើន និងគាំទ្រដល់ការដាំដំណាំក្រូចនៅទូទាំងតំបន់របស់អាហ្វ្រិកខាងត្បូង។ ដោយសារអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមនៅតែបន្តទិញក្រូចឃ្វិចអាហ្វ្រិក ដូច្នេះគេរំពឹងថា អាហ្វ្រិកខាងត្បូង និងវៀតណាម អាចបន្តអនុវត្តពិធីសារនាំចូល ក្រូចឃ្វិច និងប្រភេទក្រូចផ្សេងៗទៀត៕














