ដោយ ឡុង សារេត
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្មនៅខេត្តមណ្ឌលគិរី ត្រៀមបង្កើនការដាំដំឡូងជប៉ុនលើផ្ទៃដី៥០ហិកតា និងដាំស្រូវសាឡីប្រមាណ១០០ហិកតា ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀត ដែលជាដៃគូ។
កញ្ញា អ៊ុន សុភារៈ អគ្គនាយិការងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រី បានឱ្យដឹងថា ក្រោយពីបានវិនិយោគក្នុងវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរី នៅឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើការដាំដុះដំណាំដែលមានអាយុកាលវែង មានដូចជាស្ពៃបូកគោ ស្ពៃក្តោប ដំឡូងជប៉ុន និងការ៉ុត ហើយដំណាំទាំងនេះដាំនៅក្នុងផ្ទះសំណាញ់ និងនៅតាមទីវាលបែបសុវត្ថិភាព។
បើតាមអគ្គនាយិការងខាងលើ សម្រាប់ដំណាំមើមដូចជាការ៉ុត យើងអាចប្រមូលផលបានក្នុងមួយហិកតាពី១០ ទៅ២០តោន និងដំឡូងមីបានពី២០ទៅ៣៥តោនក្នុងមួយហិកតា។ ចំណែកដំណាំស្លឹកដូចជាស្ពៃក្តោប និងស្ពៃបូកគោ ប្រមូលផលក្នុងមួយហិកតាបានចន្លោះពី៣ទៅ៥តោន ។
កញ្ញាបានលើកឡើងថា ដោយមើលឃើញពីតម្រូវការកើនឡើង ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការលើកទឹកចិត្តឱ្យមានការផលិតនៅក្នុងស្រុក ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកការដាំដុះរបស់ខ្លួន។ តួយ៉ាងនៅឆ្នាំ២០២៦ខាងមុខនេះ សម្រាប់គម្រោងដំណាំដំឡូងជប៉ុន នៅលើផ្ទៃដីចំនួន៥០ហិកតា ហើយទិន្នផល ដែលប្រមូលបាន១៤ភាគរយ គឺលក់នៅក្នុងស្រុក និងគម្រោងដាំស្រូវសាឡី លើផ្ទៃដីពី៥០ ទៅ១០០ហិកតា សម្រាប់ធ្វើការនាំចេញទៅប្រទេសជប៉ុន និងចែកចាយបន្តដល់ដៃគូនៅប្រទេសផ្សេងទៀត៕








