ក្រុងព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមចែករំលែកដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុ តាមរយៈសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។
សម្រាប់សិក្ខាសាលានេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន១៦៧នាក់។
ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥ គឺការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន, នវានុវត្តន៍កសិកម្ម សំដៅដល់ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជាបច្ចេកវិទ្យាដ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture)ក៏អាចជាអាជីកម្មសម្រាប់អនាគតមួយដ៏ល្អផងដែរ ដូចជា APP ទិន្នន័យសម្រាប់ព្យាបាលជំងឺសត្វ ឬដំណាំនានាជាដើម។
លើសពីនេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា សំដៅដល់ការវិនិយោគលើការតភ្ជាប់ផ្នែកឌីជីថល និងថាមពលកកើតឡើងវិញ ដូចជាកាវិនិយោគបច្ចេកវិទ្យាថ្មីៗ ដោយប្រើប្រាស់ជំនួយពីបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង E-Commerce, ចីរភាពបរិស្ថាន សំដៅដល់ការវិនិយោគវិស័យបៃតង, កសិកម្មបែបធម្មជាតិ,ការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ,និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។
ការកសាងសមត្ថភាពស្ថាប័ន គឺសំដៅដល់ការវិនិយោគលើប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្ត និងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។
មុននឹងបញ្ចប់បទបង្ហាញក្នុងកម្មវិធីជជែកពិភាក្សា ស្តីពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជានិងពិភពលោក ជាពិសេស ការប្រកួតប្រជែងគ្នាផ្នែកពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិករួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម ដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំងកំពុងតែចូលរួមចំណែកក្នុងការកសាងជាតិយើង» ហើយគ្រប់គ្នាត្រូវតែមានមោទនភាពទាំងអស់គ្នា ដែលជាម្ចាស់អាជីវកម្មក្នុងស្រុក។
សូមរម្លឹកថា សិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លើទឹកដីក្រុងព្រះសីហនុ នេះគឺ រៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្ត ទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេង ដែលជាបណ្តាញរបស់គណបក្សមកពីខេត្តព្រះសីហនុផងដែរ៕












