ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។
នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។
សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។
សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ ដែលមានអាជ្ញាប័ណ្ណ រួមទាំងទីសត្តឃាតសត្វ រោងចក្រកែច្នៃវេខខ្ចប់ ទូរត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិតផលសាច់សត្វ។
មន្ត្រីដែលមានភារកិច្ចត្រួតពិនិត្យអនាម័យ សុខុមាលភាពសត្វ និងសុវត្ថិភាពចំណីអាហារ មានសមត្ថកិច្ចបញ្ជាក់ពីភាពសមស្របនៃសាច់សម្រាប់មនុស្សបរិភោគ និងរាយការណ៍ពីការត្រួតពិនិត្យរបស់ពួកគេទៅសេវាត្រួតពិនិត្យសាច់សត្វ។
អំណាចត្រូវបានកំណត់ចំពោះគ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបទបញ្ជារបស់អគ្គនាយកដ្ឋាន ដូច្នេះការរំលោភបំពានណាមួយ ដូចជាការក្លែងបន្លំ ការធ្វេសប្រហែស ឬការភូតកុហក់ អាចបណ្តាលឱ្យមានការផ្អាកអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណ។
សេចក្តីព្រាងសារាចរនេះ ក៏បញ្ជាក់ពីភារកិច្ចរបស់មន្ត្រីត្រូតពិនិត្យសាច់សត្វ ដែលមានភារកិច្ចនៅក្នុងទីសត្តឃាត និងរោងចក្រកែច្នៃសាច់សត្វផងដែរ។ ពួកគេត្រូវតែពិនិត្យមើលឯកសារ និងហាមការសម្លាប់ដោយឃោរឃៅ ធ្វើការត្រួតពិនិត្យមុន និងក្រោយការសម្លាប់ កម្ទេចចោលសាច់មានមេរោគ និងឃ្លាំមើលដំណើរចោលឱ្យបានត្រឹមត្រូវ។
នៅរោងចក្រកាត់សាច់ ឃ្លាំងស្តុកទុកត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិផលសាច់ មន្ត្រីមានភារកិច្ចត្រួតពិនិត្យសាច់សត្វឱ្យមានសុវត្ថិភាព រឹបអូសផលិតផលណាដែលមានមេរោគ ឬខុសម៉ាកយីហោ និងត្រួតពិនិត្យការលើកដាក់ផលិតផលសាច់សត្វ ព្រមទាំងធ្វើស្នើរបាយការណ៍ផងដែរ។
ការងាររបស់មន្ត្រីត្រួតពិនិត្យសាច់សត្វ នឹងត្រូវបានវាយតម្លៃរៀងរាល់ប្រាំមួយខែម្តង ហើយការដាក់ទណ្ឌកម្មអាចនឹងត្រូធ្វើចំពោះការធ្វេសប្រហែស ការក្លែងបន្លំ គ្មានប្រសិទ្ធភាព ឬការយឺតយ៉ាវជាទម្លាប់៕








