ហ្សានស៊ី៖ អាជ្ញាធរគយចិន នៅក្នុងខេត្តហ្សានស៊ី បានណែនាំប្រព័ន្ធត្រួតពិនិត្យពីចម្ងាយសម្រាប់ការនាំចេញផ្លែឈើ ដោយកាត់បន្ថយពេលវេលាអនុញ្ញាតឱ្យនាំចូល និងបន្ថយថ្លៃដឹកជញ្ជូនរបស់អ្នកនាំចេញ។
ប្រព័ន្ធត្រួតពិនិត្យថ្មីនេះ អនុញ្ញាតឱ្យធ្វើប្រតិវេទ ការត្រួតពិនិត្យ និងបញ្ចេញទំនិញនៅថ្ងៃតែមួយ តាមរយៈវីដេអូដំណភ្ជាប់រវាងពាណិជ្ជករ និងមន្ត្រីគយ។
យោងតាមសារព័ត៌មាន ហ្សានស៊ី ដេលី របស់ចិន បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមបច្ចេកទេសបានភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីគយតាមរយៈការហៅជាវីដេអូ ដើម្បីបញ្ចប់ការត្រួតពិនិត្យការនាំចូលផ្លែទំពាំងបាយជូរស្រស់ទម្ងន់ជាង១៥តោន នាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
នេះជាការត្រួតពិនិត្យពីចម្ងាយលើកដំបូងលើផ្លែឈើនាំចេញពីប្រទេសចិន ដែលត្រូវបានធ្វើនៅខេត្តហ្សានស៊ី ដោយប្រើប្រព័ន្ធត្រួតពិនិត្យពីចម្ងាយរវាងពាណិជ្ជករចិន និងភ្នាក់ងារគយឥណ្ឌូណេស៊ី។
គំរូត្រួតពិនិត្យពីចម្ងាយត្រូវបានបង្កើតឡើងដោយអគ្គរដ្ឋបាលគយចិន សម្រាប់ជួយពិនិត្យមើលដំណើរការនាំចេញតាមប្រព័ន្ធអ៊ីនធឺណិត ដែលគាំទ្រដោយអ្នកបច្ចេកទេសនៅនឹងកន្លែង និងប្រើបញ្ញាសិប្បនិម្មិតដ៏ឆ្លាតវៃ។ ជាមួយនឹងប្រព័ន្ធថ្មីនេះ អ្នកនាំចេញលែងត្រូវរង់ចាំការចុះពិនិត្យមើលជាក់ស្តែងទៀតហើយ។ គេអាចចាប់ផ្តើម និងបញ្ចប់ដំណើរការត្រួតពិនិត្យដោយផ្ទាល់ពីឧបករណ៍ចល័តនៅក្នុងថ្ងៃតែមួយ ឬរហ័សទាន់ចិត្ត។
កាលពីមុន ការកំណត់ពេល និងធ្វើអធិការកិច្ចដោយផ្ទាល់របស់មន្ត្រីគយ ជាធម្មតាត្រូវការរយៈពេលយ៉ាងឆាប់មួយថ្ងៃ ឬពីរថ្ងៃ។ ប៉ុន្តែសម្រាប់ប្រព័ន្ធត្រួតពិនិត្យតាមវីដេអូពីចម្ងាយ បានកាត់បន្ថយពេលវេលាមកត្រឹមប្រហែល២០នាទីប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការប្រកាស ត្រួតពិនិត្យ និងបញ្ចេញទំនិញក្នុងថ្ងៃតែមួយ។ ម៉ូដែលនេះជួយកាត់បន្ថយសម្ពាធផ្នែកដឹកជញ្ជូន កាត់បន្ថយការចំណាយលើការលើកដាក់ និងជួយរក្សាគុណភាពផ្លែឈើឱ្យនៅល្អក្នុងពេលដឹកជញ្ជូន។
ដើម្បីអនុវត្តប្រព័ន្ធនេះ មន្ត្រីគយបានបង្កើតក្រុមជំនាញ ដែលធ្វើតេស្តកម្មវិធី ដើម្បីធានាបាននូវស្ថេរភាពប្រតិបត្តិការ។ ភ្នាក់ងារគយចិនក៏បានជួយដល់ក្រុមបច្ចេកទេសក្នុងការដំឡើង និងកំណត់រចនាសម្ព័ន្ធកម្មវិធីទូរស័ព្ទដៃផងដែរ។ ចំណែក វិធានការសម្របសម្រួលបន្ថែម រួមទាំងបណ្តាញអធិការកិច្ច និងការចេញវិញ្ញាបនបត្រ ដើម្បីកាត់បន្ថយពេលវេលាត្រួតពិនិត្យដោយចំណាយថវិកា និងពេលវេលាតិច ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសម្រាប់អ្នកនាំចេញ៕