វៀងច័ន្ទន៍៖ ប្រទេសឡាវបានចាប់ផ្តើមគម្រោងថ្មី ដើម្បីដាំដំណាំទុរេន សម្រាប់ពង្រឹងការនាំចេញផ្លែទៅកាន់ប្រទេសចិន និងពង្រឹងទាំងគុណភាព និងបរិមាណនៃការផលិត ដែលគំនិតផ្តួចផ្តើមនេះដើម្បីគាំទ្រដល់កសិករឡាវ តាមរយៈការងារមានស្ថេរភាព និងឱកាសចែករំលែកប្រាក់ចំណេញ។
គម្រោងដាំដំណាំទុរេនរយៈពេល២៥ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកផលិតកម្មទុរេនសម្រាប់ផ្គត់ផ្កង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដោយណែនាំពីបច្ចេកទេសដាំដុះតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងដោយសារតម្រូវការដ៏ខ្លាំងរបស់ចិនសម្រាប់ផ្លែឈើត្រូពិច និងមានបំណងធ្វើឱ្យផ្លែធូរេនឡាវកាន់តែប្រកួតប្រជែងក្នុងពាណិជ្ជកម្មអន្តរជាតិ។
ដំណាក់កាលទីមួយនឹងចាប់ផ្តើមដោយបង្កើតកសិដ្ឋានសម្រាប់សាកល្បងលើផ្ទៃដីចំនួនប្រាំមួយហិចកតា ស្ថិតនៅក្បែរក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីដាំ និងបណ្តុះកូនទុរេន ដែលមានគុណភាពខ្ពស់។
ចំណែកគំរូដាំដុះនឹងមានការចូលរួម ដោយកសិករក្នុងស្រុក និងចែករំលែកប្រាក់ចំណេញនាពេលអនាគត ដើម្បីរួមចំណែកដល់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែទុរេននៅលើទីផ្សារ។
គម្រោងដាំទុរេននេះ គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិធីសាស្រ្តធ្វើកសិកម្មបែបទំនើប។ រីឯការដាំដុះនឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវពីមជ្ឈមណ្ឌលស្រាវជ្រាវបន្លែ និងផ្លែឈើ។
ពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់ភាពជាដៃគូរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ នឹងត្រូវបានធ្វើឡើង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានការិយាល័យក្រសួងកសិកម្ម និងបរិស្ថាន និងលោកអគ្គនាយកក្រុមហ៊ុនដាំទុរេនឡាវ។
ប្រទេសឡាវមានគោលបំណងនាំចេញផ្លែទុរេន ចំនួន៤០០តោន ក្នុងឆ្នាំ២០២៦ ដោយមានប្រទេសចិនជាទីផ្សារធំជាងគេ ដោយដឹកជញ្ជូនតាម ផ្លូវដែកចិន-ឡាវ ប្រើពេលត្រឹមតែពីរថ្ងៃ ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន និងរក្សាបានភាពស្រស់ស្ងាតរបស់ផ្លែទុរេន។
យោងតាមតួលេខផ្លូវការរបស់ឡាវ បានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេនចំនួន១៥០ ០០០តោន នៅឆ្នាំ២០២៥នេះ គឺកើនឡើង៩១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ការពង្រីកសេវាដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់ឥឡូវនេះ នាំឱ្យផ្លែទុរេនឡាវដឹកទៅដល់បណ្តាខេត្ត និងទីប្រជុំជនកាន់តែច្រើន នៅក្នុងប្រទេសចិន ដោយបង្កភាពងាយស្រួលក្នុងការចែកចាយផ្លែទុរេនសម្រាប់អ្នកនាំចេញ។
តាមរយៈគំនិតផ្តួចផ្តើមការដាំដុះថ្មី និងការកែលម្អផ្នែកសេវាដឹកជញ្ជូន ឡាវមានបំណងកសាងតួនាទីកាន់តែរឹងមាំនៅក្នុងពាណិជ្ជកម្មផ្លែទុរេន នៅក្នុងតំបន់ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសឡាវផងដែរ៕