កាលីហ្វ័រញ៉ា៖ យោងតាមនាយកដ្ឋានចំណីអាហារ និងកសិកម្ម រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានឱ្យដឹងថា កសិដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានកត់ត្រាទឹកប្រាក់បានមកពីការលក់ទំនិញសរុបលើសពី ៦១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈពេលតម្លៃសរុបខ្ពស់ជាង តម្លៃដើមសម្រាប់អ្នកដាំដុះ។
ក្នុងចំណោមកសិផលស្រស់ៗ មានដូចជាគ្រាប់អាល់ម៉ុននៅតែជាទំនិញឈានមុខគេដែលមានតម្លៃសរុប៥,៦៦ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃលក់ផលិតផលបន្លែ និងផ្លែឈើ ក្នុងឆ្នាំ២០២៤ បានធ្លាក់ថ្លៃមិនអាចរកប្រាក់ចំណេញ ដែលនាំឱ្យអ្នកដាំដំណាំមួយចំនួនបោះបង់ចោលចម្ការ។ ចម្ការបោះបង់ចោលចម្ការបានក្លាយជាជម្រកពងកូនសម្រាប់សត្វល្អិតចង្រៃ ដែលឆ្លងទៅបំផ្លាញផលដំណាំលើចម្ការឈើជិតខាង។
ការលក់ផលិតផលផ្លែទំពាំងបាយជូរអាចរកប្រាក់ចំណួលបានចំនួន៥,៦៤ពាន់លានដុល្លារ។ បន្លែសាឡាត់លក់បានប្រាក់ចំនួន៣,៦៧ពាន់លានដុល្លារ និងផ្លែស្ត្របឺរី លក់បានប្រាក់ចំនួន៣,៤៦ពាន់លានដុល្លារ។ ការលក់គ្រាប់សណ្តែករីករាយរកចំណូលបានចំនួន២,០៥ពាន់លានដុល្លារ ចំណែកផលិតកែច្នៃប៉េងប៉ោះរកចំណូលបានចំនួន១,៦៤ពាន់លានដុល្លារ។ ការ៉ុតលក់បានប្រាក់ចំនួន១,៥៧ពាន់លានដុល្លារ។
ទិន្នន័យនាំចេញថ្មីៗបំផុត ពីឆ្នាំ២០២៣ បង្ហាញពីចំណូលលក់ផលិតផលកសិកម្មបានប្រាក់ចំនួន២២,៤ពាន់លានដុល្លារ ដោយការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ធ្លាក់ចុះ៥,៩ភាគរយធៀបនឹងឆ្នាំ២០២៤។ គ្រាប់ផ្លែអាល់ម៉ុន និងសណ្តែករីករាយ គឺជាផលិតផលនាំចេញបានច្រើនជាងគេ។
នាយកដ្ឋានចំណីអាហារ និងកសិកម្ម រដ្ឋកាលីហ្វ័រញ៉ា ក៏បានរាយការណ៍ផងដែរថា ការលក់ជីសរីរាង្គបានកើនឡើងជិត២២ភាគរយ នៅចន្លោះឆ្នាំ២០១៩ និង២០២៣ ដែលទទួលបានប្រាក់ចំណូលឈានដល់ចំនួន១១,៨ពាន់លានដុល្លារ។
ទោះបីជារបាយការណ៍បានបង្ហាញពីចំនួនទឹកប្រាក់ច្រើន កើនឡើង៣,៦ភាគរយ ក្នុងឆ្នាំ២០២៤ក៏ដោយ ក៏អត្រាអតិផរណា និងការកើនឡើងនៃការចំណាយថ្លៃដើមផលិត បានធ្វើឱ្យប្រាក់ចំណេញមានកម្រិតនៅឡើយ។ អ្នកដាំដុះប្រឈមមុខនឹងបញ្ហាតម្លៃពលកម្ម ពន្ធគយ និងការចំណាយលើធាតុចូល ខណៈពេលតម្លៃទំនិញលក់ចេញនៅតែទាប នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មនៅទូទាំងវិស័យកសិកម្មរបស់សហរដ្ឋអាម៉េរិក៕