ភ្នំពេញ៖ តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ ព្រមទាំងសហការជាមួយសហគ្រាសក្នុងស្រុកដើម្បីជំរុញការផលិត។
ការលើកឡើងរបស់តំណាងក្រុមហ៊ុនខាងលើ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីឱកាសពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
តំណាងក្រុមហ៊ុនបានលើកឡើងថា “យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទី ដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន”។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជា “អធិរាជនៃស្វាយចន្ទី” សម្រាប់ពិភពលោក។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “យើងលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ”។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍអនុវិស័យស្វាយចន្ទីរបស់កម្ពុជា៕ ដោយ ឡុង សារេត