ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាប្រមាណ១កុងតឺន័រ បាននាំចេញជាផ្លូវការទៅប្រទេសអ៊ីតាលីនៃសហគមន៍អឺរ៉ុប តាមរយៈក្រុមហ៊ុន AMPLE AGRO PRODUCTS។ ការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាសាទរ និងបានចាត់ទុកជាសញ្ញាវិជ្ជមាន ដែលបង្ហាញឱ្យឃើញអំពីការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រោះបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបមានតម្រូវការស្តង់ដារខ្ពស់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលី នៃសហភាពអឺរ៉ុប ជាសញ្ញាវិជ្ជមាន ពីព្រោះថា ស្តង់ដាររបស់អឺរ៉ុបខ្ពស់មិនងាយទទួលយកនូវផលិតផលកែច្នៃ ឬចំណីអាហារ ដែលគ្មានស្តង់ដារនោះទេ ដោយគេតម្រូវស្តង់ដារច្រើន។ ដូច្នេះបើគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាអាចនាំចូលទីផ្សារអឺរ៉ុបបាន គឺជាការចាប់ផ្តើមមួយដ៏ប្រសើរ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោកបានលើកឡើងទៀតថា កន្លងទៅគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាធ្លាប់នាំចេញទៅកាន់ប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ប៉ុន្តែមានបិរមាណតិចតួចនៅឡើយ។ ប៉ុន្តែការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលីលើកនេះ គឺជាសញ្ញាមួយល្អក្នុងការអភិវឌ្ឍស្វាយចន្ទីកម្ពុជា ព្រោះនៅអឺរ៉ុបគឺជាទីផ្សារដ៏ធំមួយ បើសិនជាយើងអាចដណ្តើមទីផ្សារនៅអឺរ៉ុបបាន វាជារឿងមួយដ៏ល្អ។ ប៉ុន្តែត្រូវពង្រឹងការកែច្នៃនៅក្នុងស្រុកឱ្យខ្លាំងជាមុនសិនព្រោះនៅក្នុងការកែច្នៃហាក់នៅមានកម្រិត។
បើតាមប្រធានសមាគមស្វាយចន្ទីខាងលើ បានកត់សម្គាល់ឃើញថា មកដល់ពេលនេះការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ហាក់ដូចជាមានការធ្លាក់ចុះ។ ប៉ុន្តែសមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា នៅពេលយើងអាចមានតំបន់សួនកសិឧស្សាហកម្មស្វាយចន្ទីកើតឡើងនៅក្នុងខេត្តកំពង់ធំ ការកែច្នៃនឹងមានការកើនឡើង។
យោងតាមក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរថាក្នុងពិធីសម្ពោធជាផ្លូវការ នូវការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ តាមទូកុងតឺន័រលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អឺរ៉ុបរបស់ក្រុមហ៊ុន AMPLE AGRO PRODUCTS។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឈរ ស៊ុនហុង មានប្រសាសន៍ថា “ក្រសួងពាណិជ្ជកម្មសូមស្វាគមន៍ និងវាយតម្លៃខ្ពស់លើការបោះជំហានថ្មីរបស់ក្រុមហ៊ុន AMPLE AGRO PRODUCTS ក្នុងការសម្រេចបាននូវការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប។ តាមរយៈនេះ ខ្ញុំជឿជាក់ថា ជាជំហានយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់យើង”។
ទន្ទឹមនិងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជានិ ងតួអង្គពាក់ព័ន្ធ ក្នុងការបន្តពង្រឹងគុណភាពផលិតផលកសិផល ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដារត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះកម្ពុជា និងនិរន្តរភាពនៃការនាំចេញ៕ ដោយ ឡុង សារេត