រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការចិញ្ចឹមគោ ខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពទីផ្សារ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានសមាគម បានលើកឡើងជូនអង្គប្រជុំអំពីសាវតា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់ផលិតភាព ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។
អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងការចិញ្ចឹមគោ ដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម (១) លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ (២) បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ (៣) ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត (៤) លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ និង (៥) រួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមគោ ដែលជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ។
ជាចុងបញ្ចប់ អង្គកិច្ចប្រជុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពរបស់សមាគមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យចិញ្ចឹមគោនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយរកចីរភាព៕