ផ្លែមៀនស្រស់របស់កម្ពុជានាំចេញទៅទីផ្សារចិន បានជាង១ម៉ឺនតោន ក្នុងរយៈពេលជិត១០ខែក្នុងឆ្នំា២០២៣នេះ

ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣មានប្រមាណជាង១ម៉ឺន១ពាន់តោន។ នេះបើតាមមន្ត្រីអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានឱ្យដឹងថា ក្រៅពីការនាំចេញមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឱ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តម សួស ស៊ីយ៉ាត ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍មៀនប៉ៃលិន យល់ឃើញថា បរិមាណនៃការនំាចេញផ្លែមៀនស្រស់ទៅប្រទេសចិន ប្រមាណជាង១ម៉ឺនតោននៅក្នុងរយៈជិត១០ខែឆ្នំា២០២៣នេះ វាជាចំនួនមួយមិនជាច្រើន ដូចការចង់បានរបស់កសិកនោះទេ។
ឯកឧត្តមបញ្ជាក់ថា “តម្លៃមៀនប៉ៃលិនបើតាមការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញជាមួយនឺងកសិករ កាលពីខែសីហា កញ្ញា នៅពេលកន្លងមកឃើញថា កសិករអាចលក់បានថ្លៃ ៣ ៦០០រៀល ហើយនៅខែវិច្ឆិកា ធ្នូ រហូតដល់ខែមករា និងកុម្ភៈឆ្នំា២០២៤ មៀនប៉ៃលិនអាចលក់បានថ្លៃ៤ ០០០រៀល ហើយតម្លៃនេះបើប្រៀបធៀបទៅនឹងកាលពីមុន កសិករលក់បានត្រឹមតែ ២ ៥០០ ទៅ ៣ ០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម”។

ទាក់ទងនឹងមៀនប៉ៃលិននេះ បើយោងតាមមន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខាងលើ ថា នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)៕


កាលវិភាគផ្សព្វផ្សាយ