ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែ នៃដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន៣០៩,៣២លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន៦២,១៣ លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ។
ទន្ទឹមនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ណូវ៉ែលហ្សេឡង់ បានចំនួន៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារ។
ចំពោះប្រភេទអង្ករត្រូវបាននាំចេញ មានដូចជាអង្ករក្រអូបចំនួន៧៧,៦៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៥,៦១ភាគរយ អង្ករចំហ៊ុយ ៣,២៧ភាគរយ អង្ករសរីរាង្គចំនួន២,៦១ភាគរយ និងអង្ករផ្សេងៗចំនួន០,៨៦ភាគរ៦។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន៣ ៨៧៣ ០៧៨តោន ដែលគិតជាទឹកប្រាក់បានប្រមាណ៩១៤,២១លានដុល្លារ៕