ទីក្រុងឆាងសា៖ អ្នកដើរទិញឥវ៉ាន់នៅតាមផ្សារក្នុងប្រទេសចិន កំពុងតែចាប់ផ្តើមពេញនិយមរសជាតិផ្លែស្វាយនាំចូលពីប្រទេសបង់ក្លាដែស ដោយសារតែក្លិនក្រអូបប្លែក សម្បករលោង និងមានរសជាតិផ្អែមឆ្ងាញ ថ្វីបើសម្រស់សម្បកផ្លែស្វាយភាគច្រើនមើលទៅរៀងពពាលពព្រុសបន្តិចក៏ដោយ ក៏ផ្លែសា្វយប្រភេទនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅតាមទីប្រជុំជនធំៗរបស់ចិន ដូចជាទីក្រុង ឆាងសា ជាដើម។
ប្រទេសបង់ក្លាដែសបានទទួលការយល់ព្រមជាផ្លូវការក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន កាលពីក្នុងខែកក្កដា ឆ្នាំ២០២៤។ ចំណែក អ្នកនាំចេញបាននិយាយថា ផ្លែស្វាយរបស់បង់ក្លាដែស មានចំណុចលេចធ្លោជាងគេ ចំពោះរបៀបដាំដុះតាមបែបធម្មជាតិ ផ្លែស្វាយស្ទើរតែគ្មានជាតិសរសៃ និងការប្រមូលផល ធ្វើឡើងដោយមានសារធាតុគីមីតិចតួចបំផុត ដូច្នេះ ទើបគុណភាពជួយបង្កើនការទាក់ទាញអ្នកទិញទំនិញចិន ដែលយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។
សារព័ត៌មានបង់ក្លាដែស បានផ្សាយថា ដំបូងឡើយអ្នកនាំចូលផ្លែស្វាយបង់ក្លាដែស ចាប់ផ្តើមចែកចាយផ្លែស្វាយតាមរយៈការលក់អនឡាញ ផ្សារទំនើប និងបណ្តាញអ្នកលក់ផ្លែឈើស្រស់ប៉ុណ្ណោះ ដើម្បីផ្សព្វផ្សាយលើទីផ្សារ។ ប៉ុន្តែក្រោយមកក៏មានការទទួលស្គាល់ពីគុណភាព រសជាតិ និងសុវត្ថិភាពរបស់ផ្លែស្វាយនេះ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ ប្រទេសបង់ក្លាដែស អាចផលិតផ្លែស្វាយបានប្រហែល២,៧លានតោន ហើយគ្រោងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួនប្រហែល៥ ០០០តោន នៅក្នុងឆ្នាំ២០២៥នេះ ដែលអ្នកនាំចេញជឿជាក់ថា ទីផ្សារនៅក្នុងប្រទេសចិន អាចជួយជំរុញកំណើនសម្រាប់វិស័យផ្លែឈើរបស់ប្រទេសបង់ក្លាដែស ព្រមទាំងជួយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករបង់ក្លាដែសនៅតាមទីជនបទ។
ចំណែកមន្ត្រីជំនាញផ្នែកពាណិជ្ជកម្មនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសបង់ក្លាដែស បានចាត់ទុកពាណិជ្ជកម្មនាំផ្លែស្វាយចេញទៅក្រៅប្រទេស គឹជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសបង់ក្លាដែស និងប្រទេសចិន។ ព្រមជាមួយគ្នានេះដែរ មន្ត្រីពាក់ព័ន្ធមកពីប្រទេសទាំងពីរកំពុងតែពិភាក្សាគ្នា ដើម្បីពង្រីកការនាំចេញផ្លែឈើផ្សេងទៀតរបស់បង់ក្លាដែស ទៅកាន់ទីផ្សារក្នុងប្រទេសចិន មានដូចផ្លែត្របែក និងផ្លែខ្នុរ ខណៈពេលបច្ចេកវិទ្យាទំនើបរបស់ចិន ដូចជាវិធីសាស្ត្រវេចខ្ចប់ផ្លែឈើ កំពុងតែជួយដល់កសិករបង់ក្លាដែសដោយផ្ទាល់ ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីហាមឃាត់ និងបង្កើនគុណភាពផ្លែឈើឱ្យកាន់តែល្អថែមទៀត។
ទោះបីជាមានការប្រកួតប្រជែងខ្លាំងពីប្រទេសថៃ វៀតណាម ហ្វីលីពីន និងពីប៉ាគីស្ថាន ក៏ដោយ អ្នកនាំចេញផ្លែរបស់បង់ក្លាដែស មើលឃើញឱកាសនូវចំណង់ចំណូលផ្នែកចំណីអាហាររបស់ប្រជាជនចិន ចំពោះផ្លែឈើដាំដុះក្នុងតំបន់ត្រូពិច។ ដូច្នេះ តាមរយៈការបង្កើតម៉ាកយីហោដោយប្រុងប្រយ័ត្ន ការត្រួតពិនិត្យលើគុណភាពយ៉ាងតឹងរ៉ឹង និងខ្សែសង្វាក់ផ្គត់ផ្គង់អាចទុកចិត្តបាន ប្រទេសបង់ក្លាដែសសង្ឃឹមថា ផ្លែស្វាយរបស់ខ្លួននឹងទទួលបាននូវការគាំទ្រដ៏យូរអង្វែងនៅក្នុងផ្សារទំនើបរបស់ចិន៕