កូឡាឡាំពួរ៖ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើរបស់ប្រទេសម៉ាឡេស៊ី ក្នុងពេលដើរល្បាតក្នុងព្រៃ កាលពីសប្តាហ៍មុន បានស្ទាក់ចាប់រឹបអូសយកផ្លែទុរេន ដែលប៉ាន់ស្មានថា មានតម្លៃប្រហែល ១ ១៨០ដុល្លារ ពីកសិករម្នាក់ ដោយសង្ឃ័យថា ជាផ្លែទុរេនខុសច្បាប់។
ប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើប្រចាំរដ្ឋប៉ាហាំង បាននិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ផ្លែទុរេនទាំងនេះត្រូវបានកសិករបេះពីដើមទុរេន ដែលដាំដោយខុសច្បាប់នៅក្នុងតំបន់ព្រៃបម្រុងទុករបស់រដ្ឋ។
លោកបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ផ្លែទុរេន ដែលរឹបអូសបានទាំងនេះត្រូវគេជឿថា សម្រាប់លក់នៅតាមទីផ្សារក្នុងស្រុក»។
លោកបានពន្យល់ថា ទាំងរថយន្ត និងផ្លែទុរេន ត្រូវបានរឹបអូសក្រោមច្បាប់ព្រៃឈើជាតិ ឆ្នាំ១៩៨៤ ពីបទទន្ទ្រានយកដីរដ្ឋធ្វើអាជីវកម្មដោយខុសច្បាប់។ ចំណែកកសិករ ដែលកំពុងដើរលក់ផ្លែទុរេនទាំងនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីបាននិយាយប្រាប់ការពិតដល់មន្ត្រីការពារព្រៃឈើ។
លោកបាននិយាយទៀតថា ព្រៃបម្រុងទុករបស់រដ្ឋ ត្រូវគេទន្ទ្រានចូលកាន់កាប់ និងដាំដើមឈើហូបផ្លែដោយខុសច្បាប់ ដូចជា ដើមទុរេន មង្ឃុត សាវម៉ាវ ចម្រៀក និងដើមកន្ទួតព្រៃ ដោយមានអ្នកមូលដ្ឋាននាំមុខធ្វើសកម្មភាពនេះ។
ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើម៉ាឡេស៊ី ចាប់ផ្តើមដើរល្បាតតាមព្រៃ ដើម្បីទប់ស្កាត់បទល្មើសលួចកាប់ទន្ទ្រានព្រៃឈើ និងសកម្មភាពលួចដាំដើមទុរេនក្នុងតំបន់ហាមឃាត់។
លោកប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើ ប្រចាំរដ្ឋប៉ាហាំង បានអំពាវនាវឱ្យប្រជាជននៅក្នុងសហគមន៍ក្បែរនោះ កុំឱ្យចូលទៅក្នុងតំបន់ព្រៃឈើបម្រុងទុក ដើម្បីបេះផ្លែទុរេន ឬធ្វើសកម្មភាពគ្មានការអនុញ្ញាតណាមួយជាដាច់ខាត។
កាលពីពេលថ្មីៗកន្លងមកនេះ សកម្មភាពទន្ទ្រាបយកដីកាន់កាប់ដោយខុសច្បាប់ បានទទួលការចាប់អារម្មណ៍ពីសាធារណជនជាច្រើននៅក្នុងរដ្ឋប៉ាហាំង ជាពិសេសបន្ទាប់ពីអាជ្ញាធរបានកាប់ចោលដើមទុរេនជាង១ ០០០ដើម ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរវាងខែមេសា និងឧសភា ឆ្នាំ២០២៥។
ព្រះចៅស៊ុលតង់ប្រចាំរដ្ឋប៉ាហាំង បានមានព្រះបន្ទូល កាលពីខែមេសាថា ដីរដ្ឋជិត១៤ ៥០០ហិកតាត្រូវគេទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងប្រើប្រាស់សម្រាប់ដាំដំណាំដូចជា ដូងប្រេង កៅស៊ូ និងដើមធុរេន។
ព្រះអង្គក៏មានបន្ទូលផងដែរថា ព្រៃឈើបម្រុងទុកអចិន្ត្រៃយ៍ជាង៥ ៩០០ ហិកតាត្រូវបានទន្ទ្រានយក ដោយព្រះអង្គពណ៌នាអំពីស្ថានភាពនេះថា ជាការលួចធនធានសាធារណៈយ៉ាងព្រៃផ្សៃ ហើយព្រះអង្គបានជំរុញឱ្យមានការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងច្បាស់លាស់ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដី៕