ភ្នំពេញ៖ សហរដ្ឋអាម៉េរិក សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសអូស្ត្រាលីក្នុងការបើកទីផ្សារសាច់គោ នាំចូលពីសហរដ្ឋអាម៉េរិក និងបានបង្ហាញពីការកាត់បន្ថយពន្ធខ្លះដល់រដ្ឋាភិបាលប្រទេសអូស្រា្តលី។
ប្រទេសអូស្ត្រាលី បាននិយាយថា សហរដ្ឋអាម៉េរិក មានប្រព័ន្ធត្រួតពិនិត្យប្រសើរជាងមុនក្នុងការតាមដាន និងគ្រប់គ្រងសុខភាពសត្វពាហនៈ ដូច្នេះពួកគេនឹងទទួលទិញសាច់គោ ដែលធ្លាប់មានប្រភពចេញពីប្រទេសកាណាដា ឬម៉ិកស៊ិក ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញការអបអរសាទរប្រទេសអូស្ត្រាលីចំពោះការបើកទីផ្សារសាច់គោរបស់ខ្លួន និងបញ្ជាក់ថា អ្នកផលិតសាច់គោអាម៉េរិកនឹងនាំចេញផលិតផលទៅកាន់ប្រទេសអូស្ត្រាលី ក្នុងបរិមាណច្រើន និងជាបន្តបន្ទាប់គ្នា។
តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ គ្រៀំ (Jamison Greer) បាននិយាយថា ការសម្រេចចិត្តរបស់អូស្ត្រាលី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយពន្ធ ដែលកាលពីមុនប្រទេសអូស្ត្រាលីប្រឈមនឹងការជាប់ពន្ធ១០ភាគរយ។
បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានបន្ធូរបន្ថយច្បាប់នាំចូល ដែលមានចាប់តាំងពីឆ្នាំ២០០៣ ដោយកាលនោះអូស្ត្រាលីបានដាក់កម្រិតលើផលិតផលសាច់គោអាម៉េរិក ដោយសារតែការភ័យខ្លាចអំពីជំងឺឆ្លងពីក្នុងសត្វគោ។ វាជំងឺកាចសាហាវមួយ ដែលក្រៅពីឆ្លងរវាងគោក្របី វាក៏អាចឆ្លងរវាងគោក្របី និងមនុស្សផងដែរ។
ទោះបីជាប្រទេសអូស្ត្រាលី បានបន្ធូរបន្ថយការរឹតបន្តឹងជាច្រើន កាលពីក្នុងឆ្នាំ២០១៩ ក៏ដោយ ក៏វិធានការមួយចំនួននៅតែមានសម្រាប់គោក្របី ដែលមានប្រភពមកពីកន្លែងផ្សេង ប៉ុន្តែត្រូវបានដំណើរការនៅក្នុងកន្លែងសត្តឃាតរបស់អាម៉េរិក។
បច្ចុប្បន្ននេះប្រាំភាគរយនៃសាច់គោ ដែលប្រើប្រាស់នៅសហរដ្ឋអាម៉េរិកត្រូវបាននាំចូលមកពីប្រទេសអូស្ត្រាលី។ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសអូស្ត្រាលីបាននាំចេញសាច់គោ និងសាច់សត្វជិត២៥០០០ តោនទៅកាន់សហរដ្ឋអាម៉េរិក៕