កំពង់ឆ្នាំង៖ លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី១៨ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មជាមួយសហគមន៏ចំនួនបួន ស្ដីពីផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលបានប្តូរពូជសុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងបរិមាណជាង១៣០០តោន។
ពិធីចុះហត្ថលេខានេះ ក្រោមកិច្ចសម្របសម្រួលរបស់សមាគមបណ្ដាញកសិករ និងធម្មជាតិ និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ សហគមន៍កសិកម្មទាំងបួននេះ មានសមាជិកសរុបចំនួន៤០២រូប និងមានផ្ទៃដីដាំដុះសរុបប្រមាណ៩៥០ហិកតា។
លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥នេះ ក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួល ដែលចុះបញ្ជី ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ចំណែកលោក ឆុង សុផល អ្នកសម្របសម្រួលគម្រោងបណ្តាញកសិករ និងធម្មជាតិ បានលើកឡើងអំពីវឌ្ឍនភាពសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីគម្រោងនានា។ រីឯលោក យ៉ានូ នាយកអង្កការឌីស៊ីអេ ប្រចាំប្រទេសកម្ពុជាបានលើកឡើងពីការគាំទ្រថវិកា ទៅលើអង្គការក្នុងប្រទេសកម្ពុជាចំនួន២២ និងបានរំលេចអំពីសារៈសំខាន់នកិច្ចសន្យាកសិកម្ម។
កញ្ញា ហេង គឹមស្រ៊ាង អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៏បានលើកឡើងអំពីផលប្រយោជន៍នៃកិច្ចសន្យាកសិកម្មសម្រាប់សហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការរៀបចំនូវផែនការផលិតដើម្បីឆ្លើយតបទៅនឹងតម្រីវការទីផ្សារដោយធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព និងបានលើកទឹកចិត្តដល់សហគមន៍ផ្សេងទៀត ឱ្យចូលរួមជាមួយគម្រោង ដើម្បីផលប្រយោជន៍រយៈពេលវែង និងប្រកបដោយនិរន្តរភាព៕