ចិនចាប់ផ្តើមប្រមូលផលស្រូវ​សាលី ​​ដាំ​លើ​វាលខ្សាច់​ទំហំ១៧៣ហិកតា​ ​ក្នុងតំបន់​ស៊ីនជាំង ភាគខាងលិចប្រទេសចិន

Explainer_thu_Clean-(2)

ប៉េកាំង៖ វាលស្រូវសាលីទំហំជាង១៧៣ហិកតា ត្រូវបានចាប់ផ្តើមប្រមូលផលជាលើកដំបូងនៅចុងតំបន់វាលខ្សាច់ដ៏ធំបំផុតរបស់ប្រទេសចិន ដែលត្រូវបានដាំតាមបច្ចេកទេសកសិកម្ម​ច្នៃប្រឌិតថ្មី ធ្វើដំណាំស្រូវសាលីធន់នឹងគ្រោះរាំងស្ងួតហួតហែង។

ស្រូវសាលីទាំងនេះ ត្រូវបានដាំតាមបច្ចេកទេសដ៏អស្ចារ្យ នៅលើមហាវាលខ្សាច់ឈ្មោះ តាក់ឡាម៉ាកាន់​  (Taklamakan) ដ៏ធំល្វឹងល្វើយរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា «សមុទ្រមរណៈ»។

យោងតាមទីភ្នាក់ងារព័ត៌មាន​ ស៊ីនហួ របស់ចិនចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដូវប្រមូលផលស្រូវសាលីដាំលើសមុទ្រខ្សាច់នេះ កសិករ ចិនបានចាប់ផ្តើមប្រើគ្រឿងចក្រច្រូតកាត់លើផ្ទៃទំហំជាង១៧៣ហិកតា ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ពីទិន្នផលនៅឡើយទេ ដោយសារស្ថិតក្នុងដំណាក់កាលទើបចាប់ផ្តើម។

ប៉ុន្តែយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញកសិកម្មចិន បានឱ្យដឹងថា ស្រូវសាលីដាំលើវាលខ្សាច់នៅក្នុងឆ្នាំ២០២៥នេះ អាចផ្តល់ទិន្នផលខ្ពស់ជាងឆ្នាំមុន ដែលជាឆ្នាំចាប់ផ្តើមដាំសាកល្បងដំណាំកសិអាហារមួយនេះ។

កាលពីចុងខែមិថុនា ឆ្នាំ២០២៤ វាលស្រូវសាលីដ៏ធំល្វឹងល្វើយ ត្រូវបានកសិករចិនសាកល្បងដាំដោយជោគជ័យ នៅចុងឆ្នេរខ្សាច់នៅភាគនិរតីនៃសមុទ្រខ្សាច់ ស្ថិតនៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គួរ (Xinjiang Uygur) ដោយដាំនៅឆ្នាំ២០២៤នោះ​ មានទំហំផ្ទៃដីជាង៤០០ហិកតា ដែលធ្វើឱ្យវាលខ្សាច់ក្លាយជាវាលស្រែដ៏ធំបំផុតរបស់ប្រទេសចិន និងត្រូវបានកត់សម្គាល់ជាកសិកម្មច្នៃប្រឌិតថ្មីនេះ គឺជាវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់វាលខ្សាច់ តាមរយៈកសិកម្មប្រកបដោយនិរន្តរភាព។

លោក វ៉ាង ជៀនជុន (Wang Jianjun) អគ្គនាយករងនៃក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកកសិកម្មនៅតំបន់ ស៊ីនជាំង​ ធ្លាប់បាននិយាយថា ដំណាំស្រូវសាលីដាំនៅលើវាលខ្សាច់ កាលពីឆ្នាំ២០២៤ បានទិន្នផលជាមធ្យមទម្ងន់៤,៤តោនក្នុងមួយហិកតា គឺជាបរិមាណខ្ពស់ជាងការរំពឹងទុក។

តំបន់ដាំស្រូវសាលីត្រូវបានហ៊ុំព័ទ្ធដោយខ្សាច់បីផ្នែក ហើយវាលខ្សាច់មានចំនួន៩០ភាគរយនៃផ្ទៃដីសរុបរបស់តំបន់នេះ។ នៅក្នុងតំបន់នេះមានផ្ទៃដីសរុបជាង៣៦ ០០០ហិកតា គឺជាប្រភេទដីមានសារធាតុអំបិល អាល់កាឡាំងស្រាល ក្នុងនោះមានផ្ទៃដីទំហំ១៣ ០០០ហិកតា ជាប្រភេទដីមានសារធាតុអំបិលធ្ងន់ធ្ងរ ដែលបង្កើតជាប្រភពគ្រប់គ្រង់វាលខ្សាច់ និងកាតបន្ថយគ្រោះមហន្តរាយជាបន្ទាន់។

នៅក្នុងឆ្នាំ២០២៤ ដើម្បីរកបានគំរូសម្រាប់កែលម្អគុណភាពដីវាលខ្សាច់ ដែលមានសារធាតុអំបិល-អាល់កាឡាំង អាជ្ញាធរខេត្ត សានទុង (Shandong) បានសហការជាមួយអាជ្ញាធរតំបន់ស្វយ័ត ស៊ីនជាំង តាមរយៈការបណ្តាក់ទុនវិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ចំនួន៣០លានយន់ ឬស្មើនឹង៤,១លានដុល្លារ ដើម្បីគាំទ្រគម្រោងដាំស្រូវសាលី ក្នុងភូមិសាស្ត្រ ស៊ីនជាំង អ៊ូឆេង (Xinjiang Wuzheng) ដោយសហការគ្នាខិតខំដាំស្រូវសាលី នៅលើដីវាលខ្សាច់ទំហំ១ ៣៣៣ហិកតា។

ចំណែកប្រធានកម្មវិធីដាំស្រូវសាលីជាមូលដ្ឋានរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា ការគ្រប់គ្រងវាលខ្សាច់ និងការស្ដារផ្ទៃដីដាំដុះឡើងវិញ ពិតជាមានសារៈសំខាន់សម្រាប់ការធានានូវសន្តិសុខស្បៀង ការកែលម្អប្រព័ន្ធអេកូឡូស៊ីបរិស្ថាន ការបង្កើនប្រាក់ចំណូលក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យានវានុវត្តន៍។

លោកបានបញ្ជាក់ថា ឧបសគ្គដ៏ធំបំផុតក្នុងការដាំស្រូវសាលី នៅលើវាលខ្សាច់ក្នុងតំបន់ តាក់ឡាម៉ាកាន់  ដែលជាវាលខ្សាច់ប្រែប្រួលឥតឈប់ឈរ។  អាស្រ័យហេតុនេះ ដីខ្សាច់ចាំបាច់ត្រូវដាំរុក្ខជាតិចម្រុះឱ្យបានឆាប់រហ័សដើម្បីជួយទប់ខ្យល់ នៅពេលកម្រិតប្រែប្រួលរបស់ដីខ្សាច់នៅថេរ។  បើមិនដូច្នេះទេ ព្យុះខ្សាច់អាចជន់លិចរុក្ខជាតិចម្រុះទាំងនោះឱ្យងាប់អស់ដូចសភាពដើមវិញ។

លោកប្រធាន បានពន្យល់ថា វិធីសាស្រ្តដាំស្រូវសាលីបែបប្រពៃណីក៏ជួបបញ្ហាប្រឈមផ្សេងទៀតផងដែរ រួមទាំងសារធាតុសរីរាង្គក្នុងដីទាប និងខ្វះសារធាតុចិញ្ចឹម កត្តាស្ងួតហួតហែងពេក ការរក្សាទឹក និងជី មិននៅបានយូរ ហើយដីមានជាតិប្រៃខ្ពស់ពេក។

លោកបាននិយាយថា ដើម្បីធានាបាននូវការដាំដុះប្រកបដោយជោគជ័យ ត្រូវប្រើវិធីសាស្រ្តបង្កើតប្រព័ន្ធធារាសាស្រ្តច្បាស់លាស់ និងបណ្តាញដំណក់ទឹក ដើម្បីផ្តល់សារធាតុចិញ្ចឹម និងប្រភពទឹកចាំបាច់ដល់ឫសស្រូវសាលី។

លោកប្រធានកម្មវិធី​ បានមានប្រសាសន៍ដូច្នេះថា «កត្តាសំខាន់សម្រាប់ការដាំសាកល្បងប្រកបដោយជោគជ័យ គឺការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់យើងលើកម្មវិធីបច្ចេកវិទ្យាគ្រប់គ្រងជាប្រព័ន្ធ ដែលស្របតាមអាកាសធាតុ និងលក្ខខណ្ឌដីតែមួយគត់របស់វាលខ្សាច់ ដោយដោះស្រាយបញ្ហាផ្សេងៗនៅគ្រប់ដំណាក់កាលដាំ»។

គម្រោងកម្មវិធីដាំស្រូវសាលីនៅភូមិសាស្ត្រ ស៊ីនជាំង អ៊ូឆេង​ ក៏កំពុងធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវ រួមជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន និងបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត សានទុង និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជាការកំណត់ទីតាំងផ្កាយរណប និងការត្រួតពិនិត្យពីចម្ងាយ។

ក្រុមហ៊ុនដាំស្រូវសាលី នៅតំបន់ស្វយ័ត ស៊ីនជាំង របស់ចិន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ខ្លួនក្នុងការដាំដុះដំណាំ ការកែប្រែដីឱ្យមានជីជាតិ និងការគ្រប់គ្រងសត្វល្អិតបានច្បាស់លាស់ បង្កើតបាននូវបច្ចេកទេសស្តង់ដារ ដែលអាចចម្លងបាន និងអាចធ្វើមាត្រដ្ឋាន សម្រាប់ការដាំដុះស្រូវសាលីលើវាលខ្សាច់ក្តៅហួតហែង។

ចំណែកមន្ត្រីគម្រោងវិធីជំនួយភាពជាគូ នៅខេត្ត​សានទុង បាននិយាយថា ជំហានបន្ទាប់ គឺការពង្រីកតំបន់ដាំស្រូវសាលីនៅក្នុងរដូវរងារវិញម្តង ដើម្បីជួយពង្រឹងគុណភាពដី កុំឱ្យឆាប់រិចរឹលទៅវិញ។

លោកបាននិយាយថា «ក្នុងរយៈពេលពីបីទៅប្រាំឆ្នាំខាងមុខ គោលដៅរបស់យើង គឺដាំស្រូវសាលីនៅលើផ្ទៃដីវាលខ្សាច់ទំហំជាង៣ ៣៣៣ហិកតា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកសិកម្មក្នុងតំបន់ ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពរស់នៅតាមជនបទឱ្យកាន់តែល្អប្រសើរ។

កាលពីចុងខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានទទួលជោគជ័យយ៉ាងធំធេងក្នុងការដាំស្រូវ និងប្រមូលផលស្រូវបានយ៉ាងឆាប់រហ័ស ក្នុងគម្រោងសាកល្បងដាំដំណាំស្រូវ នៅក្នុងផ្ទះសំណាញ់លើវាលខ្សាច់ ក្នុងតំបន់ស្វយ័ត ស៊ីនជាំង។

តាមរយៈការប្រមូលបានទិន្នផលស្រូវយ៉ាងឆាប់រហ័សដោយប្រើបច្ចេកទេសដាំដុះនៅក្នុងផ្ទះសំណាញ់លើវាលខ្សាច់ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការដាំដុះ និងប្រមូលផលដំណាំឱ្យបានគ្រប់រដូវ នៅក្នុងមួយឆ្នាំៗ​ នៅលើវាលខ្សាច់ភាគខាងត្បូងនៃតំបន់ស្វយ័ត ស៊ីនជាំង៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ