វៀងចន្ទន៍៖ រដ្ឋាភិបាលប្រទេសឡាវគ្រោងលែងកូនត្រី និងមច្ឆាជាតិច្រើនប្រភេទជាង៦៥លានក្បាល ទៅក្នុងទន្លេ នៅទូទាំងប្រទេសឡាវ នៅឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់ការអភិរក្សជីវៈចម្រុះ និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងដើម្បីអបអរសាទរទិវាជាតិវារីវប្បកម្ម និងសត្វព្រៃ ដែលប្រព្រឹត្តទៅនាអំឡុងពាក់ខែកក្កដា ឆ្នាំ២០២៥នេះ។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាពេលថ្មីៗកន្លងមកនេះបានឱ្យដឹងថា លោក ចាន់ថាក់កន បួឡាផាន់ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការគ្រប់គ្រង ការការពារ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានមច្ឆាជាតិ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនឡាវ។
ប្រទេសឡាវ គឺជាជម្រករបស់ត្រីជាង៥០០ប្រភេទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពអេកូឡូស៊ី និងជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជារៀងរាល់ឆ្នាំ សកម្មភាពផ្សេងៗត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសឡាវ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន ជាពិសេសយុវជនអំពីសារៈសំខាន់នៃការអភិរក្សមច្ឆាជាតិ និងការការពារប្រព័ន្ធអេកូឡូស៊ី។
គួរបញ្ជាក់ថា បើក្រឡេកមើលទៅឆ្នាំ២០១៤ ប្រទេសឡាវបានលែងកូនត្រី និងពូជមច្ឆាជាតិផ្សេងទទៀត សរុបជាង៦៤លានក្បាល នៅទូទាំងប្រទេស ដោយមានការគាំទ្រពីសហគមន៍ក្នុងស្រុក អាជីវកម្ម និងអង្គការអន្តរជាតិ។
រដ្ឋាភិបាលឡាវគ្រោងបន្តបេសកកម្មនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ផ្តើមគម្រោងលែងកូនត្រី និងមច្ឆាជាតិ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងប្រភពមច្ឆាជាតិឡើងវិញ។
លើសពីនេះ ក្រសួងកសិកម្ម និងបរិស្ថានឡាវ កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងវិស័យជលផល ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មជលផលរបស់ប្រទេសឡាវ។
គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ និងតម្រូវការដាក់ឱ្យនៅដាច់ពីគេ សម្រាប់ផលិតផលនេសាទ ដែលត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់រដ្ឋបាលគយចិន បានប្រកាសអនុញ្ញាតឱ្យប្រទេសឡាវទទួលបានសិទ្ធិនាំចូលផលិតផលនេសាទទៅក្នុងទីផ្សាររបស់ចិន៕