ម៉ានីល៖ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានអនុញ្ញាតឱ្យនាំចូលស្ករសក្នុងបរិមាណចំនួន៤២៤ ០០០តោន នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីធានាថា ប្រទេសហ្វីលីពីន មានស្ករសគ្រប់គ្រាន់ និងអាចទប់ស្កាត់បាននូវការឡើងថ្លៃនៅលើទីផ្សារក្នុងស្រុក។
ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានគិតពីទិន្នន័យ ស្តីពីការផ្គត់ផ្គង់ និងការបញ្ចេញលក់ស្ករស ក៏ដូចជាទិន្នផលស្ករសបានមកពីភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម ក្នុងការបង្កើតកម្មវិធីនាំចូលស្ករសបន្ថែម។
ទោះបីជាការផ្គត់ផ្គង់មានបរិមាណគ្រប់គ្រាន់ និងតម្លៃស្ករសមានស្ថេរភាពនៅក្នុងទីផ្សារក៏ដោយ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស បាននិយាយថា ក្រោយផុតរដូវផលិតស្ករស ទើបគេអាចកំណត់បាននូវទំហំបរិមាណស្ករសនៅក្នុងស្រុក មុននឹងសុំឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ និងរក្សាតម្លៃឱ្យមានស្ថិរភាពនៅក្នុងប្រទេស។
ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានយល់ឃើញថា ប្រសិនបើពិតជាចាំបាច់មែននោះ ក្រុមប្រឹក្សាភិបាលនឹងលើកសំណើរសុំអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីអនុញ្ញាតនាំចូលស្ករសឱ្យបានទាន់ពេលវេលា។ គោលបំណងនៃកម្មវិធីនាំចូលស្ករសនេះ គឺដើម្បីធានាថាប្រទេសហ្វីលីពីននៅតែមានស្ករសគ្រប់គ្រាន់ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ស្តុកទុកបម្រុងជាបណ្តោះអាសន្ន។
យោងក្រឹត្យអនុញ្ញាតឱ្យនាំចូលស្ករស បានឱ្យដឹងថា ស្ករសដែលបានអនុញ្ញាតឱ្យនាំចូលកន្លងមកអាចដឹកមកដល់ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ខែកក្កដា ហើយនឹងផុតកំណត់ឱ្យនាំចូលនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅពេលដឹកមកដល់ក្នុងប្រទេស ស្ករសនាំចូលទាំងនោះនឹងត្រូវចាត់ថ្នាក់ជាស្ករសបម្រុង ដែលមានន័យថា ស្ករសទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទៅកាន់ទីផ្សារក្នុងស្រុកភ្លាមៗនោះទេ រហូតដល់មានការវាយតម្លៃអំពីតម្រូវការចាំបាច់លើទីផ្សារឡើងវិញដោយក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងជាតិស្ករសហ្វីលីពីន។
ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស ដែលជាស្ថាប័នរបស់រដ្ឋាភិបាល ស្ថិតក្រោមចំណុះក្រសួងកសិកម្ម នឹងទទួលបានប្រាក់ចំណូលពីស្ករសនាំចូល ប្រមាណ២៧៩,៨៤លានប៉េសូ ឬស្មើនឹងប្រាំលានដុល្លារ។ ចំណែកបរិមាណស្ករសត្រូវនាំចូលសរុបនឹងត្រូវបានបែងចែកក្នុងចំណោមអង្គភាពមានសិទ្ធិ ដែលធ្លាប់បានចូលរួមក្នុងកម្មវិធីមុនៗរបស់ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស។
ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស បានរៀបចំកម្មវិធីនាំចូលស្ករស ដោយមានភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករហ្វីលីពីន ចំណែកស្ករសនាំចូល គឺដើម្បីធានាថា តម្លៃស្ករសលក់នៅលើទីផ្សារបន្តមានស្ថិរភាពដដែល។
រីឯ អ្នកមានសិទ្ធិនាំចូលស្ករស គឺរដ្ឋាភិបាលហ្វីលីពីនផ្តល់អាទិភាពដល់អ្នកធ្លាប់បានជួយទិញស្ករអំពៅពីកសិករហ្វីលីពីន ក្នុងតម្លៃពិសេសណាមួយ ចំណែកអ្នកខ្លះទៀត គឺជាអ្នកធ្លាប់ស្ម័គ្រចិត្តនាំចេញស្ករអំពៅទៅកាន់សហរដ្ឋអាមេរិក។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានឱ្យដឹងថា ផលិតកម្មស្ករអំពៅរបស់ប្រទេសហ្វីលីពីន ក្នុងរដូវដាំដុះ ឆ្នាំ២០២៤-២០២៥នេះ ដែលគិតត្រឹមថ្ងៃទី២២ ខែមិថុនា មានបរិមាណកើនឡើងរហូតដល់ចំនួន២,០៦លានតោន ដែលជាទិន្នផលខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្រូវការស្ករសរបស់ប្រទេសហ្វីលីពីនត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី២,២លានតោន ទៅ២,៤លានតោន ក្នុងមួយឆ្នាំ៕