ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានបដិសេធចំពោះអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាមថា ជាផលិតផលរបស់ប្រទេសកម្ពុជា ប៉ុន្តែមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបរាប់ថា ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់៥គីឡូក្រាម ដែលបានសរសេរអក្សារចិន និងអក្សរថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា «ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករ ដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាម»៕