វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។
លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit) អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។
រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។
គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។
ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕