អគ្គលេខាធិការដ្ឋាននៃសមាជរដ្ឋសភា និងព្រឹទ្ធសភាប្រកាសលទ្ធផលអំពីគោលនយោបាយវិស័យកសិកម្ម

503653226_1325567668925017_3503389582721111303_n

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃសមាជរដ្ឋសភានិងព្រឹទ្ធសភា បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើវិស័យកសិកម្ម ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានសមាជ និងជាប្រធានព្រឹទ្ធសភា។

នៅព្រឹកថ្ងៃអង្គារថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកអង្គសមាជចំនួន១៧៩រូបនៅពេលចាប់ផ្ដើមកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈទី៣ គឺប្រធានបទស្តីពី វិស័យកសិកម្ម។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម ជាអ្នករាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាប្រធានបទជូនអង្គប្រជុំសមាជ។ តាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្ម កម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក។

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ១៦,៧ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី១៩ ៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់៣១ ២៩២ ពាន់លានរៀល (ប្រមាណ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។

ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ៦១,៣ភាគរយ ផ្នែកផលិតកម្មសត្វ១៥,៤ភាគរយ ផ្នែកជលផល២០ភាគរយ និងផ្នែកព្រៃឈើ៣,៣ភាគរយ។

រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាមរយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ទូទៅ និងផែនការយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់ តាំងពីឆ្នាំ១៩៨៧មក ស្តីពី «ការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលនីតិកាលមុនៗ និងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ។

ដោយឡែក សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ចំនួន ៣ចំណុច មាន៖ ១) ការលើកស្ទួយផលិតកម្មកសិកម្ម និងរកទីផ្សារ។​ ២) រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន។  ទី៣) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ផ្អែកលើការពិនិត្យ និងការសិក្សាលើប្រធានបទអំពីវិស័យកសិកម្មយ៉ាងលម្អិត ជាទម្រង់ច្បាប់ គតិច្បាប់ គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារសំខាន់ៗ ដែលរួមមានគោលនយោបាយទូទៅ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព វិធានការសេដ្ឋកិច្ច និងការអនុវត្តដើម្បីដោះ ស្រាយបញ្ហាប្រឈមផ្សេងៗ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឃើញថា ប្រធានបទអំពី វិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលស្នើដាក់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា មានលក្ខណៈគ្រប់គ្រាន់ សម្រាប់គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដំណើរការសមាជបានប្រកបដោយលទ្ធផលជាវិជ្ជមាន និងអាចដាក់ចេញនូវសេចក្តីសម្រេចរបស់សមាជលើប្រធានបទអំពីវិស័យកសិកម្មនេះបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយឥស្សរជនជំនាញ បានអញ្ជើញផ្តល់បទអន្តរាគមន៍ ជូនអង្គសមាជ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយពីរសំខាន់ ទាក់ទងវិស័យកសិកម្ម គឺ ១) យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ២) ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍ កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមានទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញបួនចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាពពីរ​ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយរបស់រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាព និងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសម្រាប់ធានាឱ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានពិភាក្សាអំពីគោលនយោបាយ ផែនការសកម្មភាព ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តដោយមានសមាជិកអង្គសមាជចំនួន២៣រូប បានឡើងមានមតិយោបល់។

អង្គសមាជ បានគាំទ្រទាំងស្រុងនូវផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយ ដែលបានអនុវត្តកន្លងមកថា ស្របនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញហើយណ ដើម្បីបម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងមូលរួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

ជាមួយគ្នានេះដែរ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យបន្តអនុវត្ត គោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងយុទ្ធសាស្ត្រដែលបានដាក់ចេញចាប់តាំងពីឆ្នាំ១៩៨៧ ស្តីពីការផ្ទេរ ការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការដោះស្រាយទឹក ការបង្កើនការ ដាំដុះ និងការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមាន ដើម្បីឱ្យវិស័យកសិកម្មមានភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ និងវិបត្តិខាងក្រៅ ដោយបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យព្រឹទ្ធសភា និងរដ្ឋសភា បន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុម័តច្បាប់ទាំងឡាយ ដែលជួយដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការរបស់រាជរដ្ឋាភិបាល និងសូមថ្លែងអំណរអរគុណចំពោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានគាំទ្រចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសូមអំពាវនាវបន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យបានគង់វង្ស និងមានចីរភាពជានិរន្តន៍។

បន្ទាប់ពីការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម និងការបកស្រាយរបស់រាជរដ្ឋាភិបាលទៅលើមតិ ពិភាក្សា ដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើង អង្គសមាជបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីវិស័យកសិកម្ម ដោយទទួលបានការគាំទ្រចំនួន១៧៩សំឡេង នៃចំនួនសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

សេចក្តីសម្រេចស្តីពីវិស័យកសិកម្ម ដែលអង្គសមាជបានអនុម័នាពេលនេះ ជាឯកសារគតិយុត្តមានតម្លៃខ្ពស់បំផុត ដែលនឹងក្លាយជាត្រីវិស័យចូលរួមគាំទ្រ លើកទឹកចិត្តដល់រាជរដ្ឋាភិបាលអនុវត្តកម្មវិធីនយោបាយកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើឧត្តមផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

សូមជម្រាបថា នៅក្នុងរយៈពេលពីរថ្ងៃនេះ អង្គសមាជបានប្រជុំពិភាក្សាអនុម័តប្រធានបទចំនួនបី ដែលសំខាន់ក្នុងការលើកកម្ពស់ជីវភាពសេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ មានប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម ប្រធានបទស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រធានស្តីពីវិស័យកសិកម្ម៕


photo_2026-09-11_17-50-49 (3)
ARDB រួមចំណែកជំរុញការនាំចេញស្រូវអង្ករ រហូតបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ នូវបរិមាណជាង១លានតោន នៅឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន​បទ​ និងកសិកម្ម បានបញ្ជាក់ថា ធនាគារ ARDB គឺជាធនាគារអនុវត្តគោលនយោបាយ នៅពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយណាមួយ ធនាគារត្រូវតែរត់ទៅតាមគោលនយោ​បាយ​នេះ ហើយត្រូវផ្ដល់​ហិរញ្ញប្បទាន ដើម្បីអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះថា​ «​ARDB ចូលរួមជ្រោមជ្រែងតាំងពីឆ្នាំ២០១០រហូតមក កាលលើកមុន Portfolio របស់ ARDB សឹងតែ៨០ភាគរយ ទៅលើស្រូវអង្ករ ក្រោយមកមានកំណែទម្រង់ ដោយយើងធ្វើពិពិធកម្មទៅលើវិស័យផ្សេង ដែលមានការចញ្ចឹមសត្វ ត្រី ការដាំបន្លែ»។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា «យើងមិនមែនត្រឹមតែផ្ដល់ហិរញ្ញប្បទានទេ គឺមានការថែទាំ ទាំងជំនួយស្មារតី ទាំងបច្ចេសទេស ផ្ដល់យោបល់ ជាពិសេសក្នុងឆ្នាំ២០១៦ ពេលដែលស្រូវធ្លាក់ថ្លៃខ្លាំង ARDB ក៏បានចូលរួមវាយតម្លៃពីមូលហេតុនៃការធ្លាក់តម្លៃ ដែលនាំឱ្យរដ្ឋាភិបាលទម្លាក់ទុន សាងសង់ឡសម្ងួតស្រូវជាដើម ដែលធ្វើឱ្យវិស័យស្រូវអង្កកើនឡើងនៅតាមបណ្ដារោងង​ម៉ាស៊ីន​»។ នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងការនាំចេញអង្ករជាង១លានតោន ទៅ​កាន់​គោលដៅទីផ្សារអន្តរជាតិ ​​និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មនៅកម្ពុជា។ ទីផ្សារអង្កររបស់កម្ពុជា មានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ចិន […]

image_2026-10-22_13-13-03
វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន

ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]

image_2026-10-22_15-49-55
កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក​ បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]

HD 5
កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ​ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ