ឮភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំគណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association-APRACA), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលខុត្តមភាពនៃសមាគម APRACA ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែខុសភា ឆ្នាំ២០២៥ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូធនាគារ ARDB ក្នុងវេទិការគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA,កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ សមាគម APRACA លើកទី៧៨, និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៥ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនតាមការរំពឹងទុក។ វេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA ត្រូវបានរៀបចំឡើងដោយធនាគារឥណ្ឌូនេស៊ី (Bank Indonesia) និងបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ “តួនាទីហិរញ្ញប្បទាន កសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចក្រា”។
កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើគោលនយោបាយសំខាន់ៗ និងឧត្តមានុវត្តន៍ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីលើកកម្ពស់ការចាប់យកបច្ចេកទេសកសិកម្ម ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចចក្រា។ ក្នុងអំឡុងវេទិកាដ៏សំខាន់នេះ, ឯកឧត្តម បាន លឹម បានចូលរួមជាវាគ្មិន និងបានចែករំលែកបទពិសោធរបស់ប្រទេសកម្ពុជា និងធនាគារ ARDB ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព។
លើសពីនេះ, គណៈប្រតិភូធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រទបត្តិ APRACA លើកទី៧៨ នារសៀលថ្ងៃ២៦ ខែខុសភា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តនៅក្នុងគោលដៅពិនិត្យមើលវឌ្ឍនភាពការងារ ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA។
គណៈកម្មការប្រតិបត្តិក៍បានពិភាក្សាពីផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០៣០ របស់សមាគម និងផែនការសកម្មភាពដទៃទៀតផងដែរ ដោយមានការផ្តោតសំខាន់ទៅលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង បរិយាបន្នឌីជីថល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។
ទន្ទឹមនេះ, ឯកឧត្តម បាន លឹម និងសហការីបានចូលរួមក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពរបស់សមាគម APRACA លើកទី១ នៅថ្ងៃទី២៨ ខែខុសភា ឆ្នាំ២០២៥ ដើម្បីចែករំលែកសមិទ្ធផល និងជំរុញឱ្យមានកិច្ចសហ ប្រតិបត្តិការរវាងមជ្ឈមណ្ឌលឧត្តមភាពទាំងអស់។
ក្នុងអំឡុងកិច្ចប្រជុំនេះ, ធនាគារ ARDB បានផ្តល់បទបង្ហាញ ពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ ២០២៥-២០២៦ របស់មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សា ស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគម APRACA (ARDB ACE-GFA) ដែលទើប តែបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។
ធនាគារ ARDB បាន បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាក្នុងការបន្តគាំទ្រការផ្តួចផ្តើមនានារបស់មជ្ឈមណ្ឌលឧត្តមភាព ជាពិសេសក្នុងការ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ការប្តេជ្ញានេះក៏ ទទួលបានការស្វាគមយ៉ាងកក់ក្តៅពីសំណាក់លេខាធិការដ្ឋាននៃសមាគម APRACA និងតំណាងមជ្ឈមណ្ឌល ឧត្តមភាពដែលមានវត្តមានក្នុងកិច្ចប្រជុំផងដែរ។
ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូធនាគារ ARDB បានជួបពិភាក្សាជាមួយតំណាងស្ថាប័ន ដែលជាសមាជិក សមាគម APRACA រួមមាន ការជួបពិភាក្សាជាមួយលោក ឆៀន វិនហ៊ុយ (Qian Wenhui) ប្រធានសមាគម APRACA និងគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ADBC ជាដើម។
ធនាគារ ARDB និង ADBC បានគូសបញ្ជាក់សាជាថ្មីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងបានពិភាក្សាពីវិធានការនានាក្នុងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។
សមិទ្ធផលសម្រេចបានក្នុងអំឡុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះឆ្លុះបញ្ចាំងសាជាថ្មីពីឆន្ទៈដ៏មោះមុត របស់ធនាគារ ARDB ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ព្រមទាំងចូលរួមក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញដល់ការធ្វើនវានុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យកសិកម្ម ដែលគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕