ទីក្រុងតូក្យូ៖ រដ្ឋាភិបាលជប៉ុន បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសចិនបានយល់ព្រមលើនីតិវិធីដើម្បីបន្តការនាំចូលផលិតផលអាហារសមុទ្រជប៉ុនឡើងវិញ ដែលជាការបង្ហាញពីជំហានឆ្ពោះទៅរកការបញ្ចប់ការហាមឃាត់ផ្នែកពាណិជ្ជកម្មរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន និងគយរបស់ប្រទេសចិន បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង កាលពីថ្ងៃសប្ដាហ៍មុន ដែលគេរំពឹងថានឹងបន្តឡើងវិញ បន្ទាប់ពីប្រទេសចិនបានបញ្ចប់នីតិវិធីចាំបាច់។
អគ្គនាយដ្ឋានគយចិន បាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានល្អច្រើន បន្ទាប់ពីកិច្ចចរចាមួយទៀត ស្តីពីពាណិជ្ជកម្មផលិតផលជលផលប្រទេសជប៉ុន។
កិច្ចព្រមព្រៀងនេះ កើតឡើងនៅពេលរដ្ឋាភិបាលប្រទេសទាំងពីរ បានខិតខំបន្ធូរបន្ថយភាពតានតឹង ដែលកើតចេញពីការបញ្ចេញកកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្រុងហ្វូគូស៊ីម៉ា (Fukushima)របស់ជប៉ុន ចូលទៅក្នុងសមុទ្រ កាលពីឆ្នាំ២០២៣។
លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បាននិយាយក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ យើងនឹងបន្តអំពាវនាវឱ្យបន្តការនាំចេញសាច់គោរបស់ប្រទេសជប៉ុនទៅកាន់ប្រទេសចិន និងការលុបចោលការរឹតបន្តឹងការនាំចូលនូវផលិតផលកសិកម្ម និងគ្រឿងសមុទ្រពីខេត្តចំនួនដប់ រួមទាំងខេត្តហ្វូគូស៊ីម៉ា និងទីក្រុងតូក្យូ។
មន្រ្តីក្រសួងកសិកម្មជប៉ុន បាននិយាយទៀតថា តាមរយៈវិធានការឯកភាពគ្នា ប្រទេសជប៉ុននឹងចុះបញ្ជីកន្លែងកែច្នៃផលិតផលជលផលរបស់ជប៉ុនជាមួយអាជ្ញាធរចិន ហើយការនាំចេញត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យ ដែលបញ្ជាក់ថា គ្មានសារធាតុវិទ្យុសកម្ម។
បើតាមកាសែត នីគេ (Nikkei) របស់ជប៉ុន ដែលបានរាយការណ៍ព័ត៌មានពីប្រទេសចិន ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការនូវការនាំចូលអាហារគ្រឿងសមុទ្រឡើងវិញ នាពេលខាងមុខនេះ ពីខេត្តផ្សេងទៀតរបស់ប្រទេសជប៉ុន ក្រៅតំបន់រោងចក្រនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា។
ប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារគ្រឿងសមុទ្ររបស់ជប៉ុនភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានចាប់ផ្តើមបញ្ចេញកាកសំណល់នុយក្លេអ៊ែ ចេញពីរោងចក្រក្នុងក្រុងហ្វូគូស៊ីម៉ា ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្ស ស៊ូណាមី កាលពីខែមីនា ឆ្នាំ២០១១៕