ទីក្រុងវៀងច័ន្ទ៖ រដ្ឋាភិបាលឡាវបានប្រកាសពីផែនការបង្កើនការផលិតសាច់ ត្រី និងស៊ុតរបស់ប្រទេសឡាវ ឱ្យកើនដល់បរិមាណ៥៧៧,០០០តោននៅឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសន្តិសុខម្ហូបអាហារ និងក្នុងគោលបំណងធានាថា ក្នុងមួយឆ្នាំប្រជាជនឡាវគ្រប់រូបអាចទទួលបានយ៉ាងតិច៧៣គីឡូក្រាមនៃម្ហូបអាហារចំបាច់។
យោងតាមនាយកដ្ឋានបសុសត្វ និងនេសាទនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ បានឱ្យដឹងថា គោលដៅជាតិសម្រាប់ឆ្នាំ២០២៥ រួមមានការផលិតសាច់ឱ្យបានចំនួន២៨៤ ៦០០តោន ត្រីចំនួន២៣៧ ០០០តោន និងស៊ុតចំនួន៥៥ ៤០០តោន។
សារព័ត៌មានរបស់ឡាវ បានចេញផ្សាយនាពេលថ្មីៗកន្លងមកនេះថា កាលពីឆ្នាំ២០២៤ កសិករឡាវនៅទូទាំងប្រទេស បានផលិតម្ហូបអាហារចំនួន៧៨៦ ០០០តោន គឺលើសពីតម្រូវការទូទាំងប្រទេសចំនួន៥៣១ ០០០តោន។
ផលិតផលសត្វបក្សីមានបរិមាណចំនួន១៣៤ ០៨១តោន ដែលកើនឡើងជិតស្មើពីរដងនៃតួលេខប៉ាន់ស្មានចំនួន៦៧ ៥៧៤តោន សម្រាប់តម្រូវការក្នុងឆ្នាំ២០២៤។ ចំណែកផលិតសាច់គោ ក៏បានកើនលើសពីការរំពឹងទុកផងដែរ ដោយមានបរិមាណចំនួន៣៩ ៦៨៥តោន លើសតម្រូវការចំនួន៣២ ៤៤៦តោន ចំណែកផលិតផលសាច់ជ្រូកវិញ បានកើនដល់ចំនួន១៣៧ ៩០៨តោន ដែលលើសពីតម្រូវការចំនួន១២៩ ២៥១តោន។
រីឯផលិតផលសាច់ក្របី និងសាច់ត្រី ក៏កើនលើសតម្រូវការក្នុងស្រុកផងដែរ ដោយសាច់ក្របីលើសពីតម្រូវការជាង១ ២០០តោន ហើយផលិតផលត្រីបានកើនឡើងដល់៤០៨ ៦៤២តោន គឺកើនឡើងលើសជិតពីរដងនៃការប៉ាន់ស្មាន ដែលមានត្រឹមតែជាង២០៥ ០០០តោនប៉ុណ្ណោះ។
ទោះបីជាមានទិន្នផលសាច់សត្វលើសពីតម្រូវការក្នុងស្រុកដ៏ច្រើនក៏ដោយ ក៏ប្រទេសឡាវនៅតែប្រឈមមុខនឹងកង្វះខាតស៊ុតបក្សីដដែល។ នៅឆ្នាំ២០២៤ ឡាវមានស៊ុតមាន់ទាត្រឹមតែ៤៣ ៥៥៤តោនប៉ុណ្ណោះ គឺជាបរិមាណតិចជាងតម្រូវការប៉ាន់ស្មានចំនួន៤៦ ០៧៥តោន។
ការផ្គត់ផ្គង់ម្ហូបអាហារភាគច្រើនរបស់ប្រទេសឡាវ គឺបានមកពីការផលិតដោយគ្រួសារកសិករនៅតាមតំបន់ជនបទ ដែលបានរួមចំណែកចំនួន៥០៣ ០០០តោន ឬស្មើនឹង៦៤ភាគរយនៃតម្រូវនៅក្នុងប្រទេស។
ផលិតផលរបស់កសិដ្ឋានបែបពាណិជ្ជកម្ម បានផ្តល់បរិមាណចំនួន២៨២ ០០០តោន គឺផ្គត់ផ្គង់ម្ហូបអាហារបានប្រមាណ៣៦ភាគរយ។ ចំណែកផលិតផលបានមកពីគ្រួសារកសិករនៅតាមទីជនបទវិញ បែរជាផ្គត់ផ្គង់បានច្រើនដល់សហគមន៍មូលដ្ឋាន ព្រោះកសិដ្ឋានបែបពាណិជ្ជកម្មផលិតសម្រាប់តែផ្គត់ផ្គង់ទីផ្សារ និងតំបន់ទីក្រុងប៉ុណ្ណោះ។
ទោះបីជាមានការផ្គត់ផ្គង់កើនឡើងយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏ខេត្តចំនួន១០របស់ឡាវ នៅតែបន្តពឹងផ្អែកលើអាហារនាំចូលមកពីខេត្តជិតខាង។ អតុល្យភាពក្នុងតំបន់ទាំងនេះ គឺជាកត្តាតសំខាន់សម្រាប់រដ្ឋាភិបាលឡាវ ដែលឥឡូវនេះកំពុងធ្វើការដើម្បីធានាថា ខេត្តនីមួយៗអាចបំពេញតម្រូវការម្ហូបអាហាររបស់ខ្លួន ដោយឯករាជ្យ។ ការកែលម្អការចែកចាយផលិតផលម្ហូបអាហារ និងការបង្កើនផលិតកម្មស៊ុត ត្រូវបានគេមើលឃើញថា ជាការងារអាទិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
តាមរយៈការដោះស្រាយគម្លាតទាំងនេះ និងគាំទ្រទាំងពាណិជ្ជករ និងផលិតករក្នុងគ្រួសារ រដ្ឋាភិបាលឡាវសង្ឃឹមថា នឹងធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយស្ថិរភាព និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋឡាវគ្រប់រូប៕