អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហុងគ្រីបានដាក់ពង្រាយទាហាន និងបានដាក់ចេញនូវវិធានការសម្លាប់មេរោគថ្មី ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺអុតក្តាម នៅក្នុងតំបន់ភាគពាយ័ព្យជាប់ព្រំដែនប្រទេសស្លូវ៉ាគី និងប្រទេសអូទ្រីស។
កាលពីដើមខែមុន ប្រទេសហុងគ្រីបានរាយការណ៍ករណីដំបូងរបស់ខ្លួនក្នុងរយៈពេលជាង៥០ឆ្នាំនៃជំងឺនេះ ដែលជារឿយៗនាំឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មនៅលើកសិដ្ឋានចិញ្ចឹមគោ ។
ចំណែកប្រទេសស្លូវ៉ាគី ដែលជាប្រទេសភូមិរបងជាមួយប្រទេសហុងគ្រី បានរកឃើញការផ្ទុះជំងឺអុតក្តាម នៅទីតាំងចំនួនប្រាំ បន្ទាប់ពីរាយការណ៍ករណីដំបូងរបស់ខ្លួននៅក្នុងខែមីនា។ វាក៏បានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ហុងគ្រី លោក អីសត្វាន ណាហ្គី (Istvan Nagy) បាននិយាយថា ជំងឺអុតក្តាម ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមគោពីរកន្លែងបន្ថែមទៀត ដោយឆ្លងដល់សត្វគោសរុបចំនួន៣ ៥០០ក្បាល។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយនៅក្នុងវីដេអូបង្ហោះលើហ្វេសប៊ុកថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត»។
ក្រសួងការពារជាតិហុងគ្រី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរផ្ញើតាមអ៊ីមែលទាក់ទងនឹងចំនួនទាហាន ដែលត្រូវបានដាក់ពង្រាយដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតក្តាមនេះទេ។
យោងតាមទិន្នន័យចេញផ្សាយកាលខែធ្នូ ឆ្នាំ២០២៤ ប្រទេសហុងគ្រីមានគោសរុបចំនួន៨៦១ ០០០ក្បាល។ ការិយាល័យសុវត្ថិភាពខ្សែសង្វាក់អាហារជាតិរបស់ប្រទេសហុងគ្រី បានបង្ហាញថា ជំងឺអុតក្តាម បានប៉ះពាល់ដល់កសិដ្ឋានសរុបចំនួនបួនកន្លែង នៅក្នុងប្រទេសហុងគ្រី ដែលមានទីតាំងនៅភាគពាយ័ព្យរបស់ប្រទេស ខណៈការត្រួតពិនិត្យនៅកសិដ្ឋានជាង៦០០កន្លែងផ្សេងទៀត មិនឃើញមានជំងឺឆ្លងឡើយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ហុងគ្រី លោក អីសត្វាន ណាហ្គី បាននិយាយថា អាជ្ញាធរហុងគ្រីបានដាក់ចេញនូវវិធានការបន្ថែម រួមទាំងចំណុចសម្លាប់មេរោគនៅច្រកព្រំដែន និងតាមផ្លូវជាតិ នៅភាគពាយព្យប្រទេស ដើម្បីការពារជំងឺនេះកុំរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀត។
ជំងឺអុតក្តាមនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែបណ្តាលឱ្យមានគ្រុនក្តៅ និងពងបែកមាត់លើសត្វគោ ក្របី ជ្រូក ចៀម និងពពែ៕