កសិករ​ដាំ​កាកាវ​​ឥណ្ឌូណេស៊ីកំពុងធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលដើម្បីការពារដំណាំពីការប្រែប្រួលអាកាសធាតុ

photo-051719-indonesia-woman-gathers-cocoa-plants

អន្តរជាតិ៖ កសិករដាំកាកាវរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយម្ចាស់អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារដំណាំរបស់ពួកគេពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យតម្លៃកាកាវឡើងដល់កម្រិតកំណត់ត្រា។

ដើមកាកាវមានការថែទាំខ្ពស់ ដោយត្រូវការសីតុណ្ហភាព សំណើម និងពន្លឺព្រះអាទិត្យជាក់លាក់។ ត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ទើបអាចប្រមូលផលយកទៅកែច្នៃធ្វើជាសូកូឡា និងអាហារផ្សេងៗទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបម្រែបម្រួលអាកាសធាតុបង្កើនហានិភ័យចំពោះកសិករ នៅពេលដែលអាកាសធាតុក្តៅធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ហើយរដូវភ្លៀងកាន់តែយូរបង្កឱ្យមានការរីករាលដាលនៃជំងឺផ្សិត និងសត្វល្អិត។

កសិករដាំកាកាវឥណ្ដូនេស៊ី បានផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត ដោយកាត់បន្ថយការផ្គត់ផ្គង់កាកាវ និងជំរុញឱ្យតម្លៃកាន់តែខ្ពស់។ នៅឆ្នាំ២០២៤ តម្លៃកាកាវកើនឡើងជិតបីដង ឈានដល់ប្រហែល១២ ០០០ដុល្លារក្នុងមួយតោន ដែលជំរុញឱ្យតម្លៃសូកូឡាឡើងថ្លៃ និងអ្នកផលិតសូកូឡាមួយចំនួនឱ្យសាកល្បងដាំកាកាវនៅក្នុងមន្ទីរពិសោធន៍។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតកាកាវធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីកូតឌីវ័រ និងហ្គាណា។

លោក អាមីន ហារី (Armin Hari) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តភាពនៃដំណាំកាកាវ( Cocoa Sustainability Partnership) ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍កាកាវនៅក្នុងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កសិករដាំកាកាវដែលត្រូវការប្រាក់កម្ចីពីធនាគារ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ពីការចាប់ដៃគូជាមួយម្ចាស់អាជីវកម្មផងដែរ ដោយសារកិច្ចព្រមព្រៀងអ្នកទិញ មានការធានាអាចផ្តល់វត្ថុបញ្ចាំ ដែលត្រូវការដើម្បីទទួលបានប្រាក់កម្ចី។

លោកបាននិយាយថា រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហករណ៍ក៏កំពុងធ្វើការជាមួយកសិករដាំកាកាវ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយធ្វើយ៉ាងណាឱ្យដំណាំកាកាវទទួលបានទិន្នផលខ្ពស់៕


PHILIPPINES-ECONOMY
ហ្វីលីពីនឆ្លៀតទាក់ទាញប្រតិភូអាស៊ាន ដើម្បីបង្កើតចំណូលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម

ម៉ានីល៖ ម្ហូបប្រចាំតំបន់ កាហ្វេប្រមូលទិញពីកសិករក្នុងស្រុក វិធីសាស្ត្រថែទាំសុខភាពបែបប្រពៃណី និងផលិតផលក្នុងស្រុករបស់ហ្វីលីពីន កំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រតិភូសារព័ត៌មានអន្តរជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដោយអាចបង្កើតចំណូលពីការលក់ផលិតផលរបស់សម្រាប់សហគ្រាសក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងទេសចរណ៍ហ្វីលីពីន បានរាយការណ៍ថា មជ្ឈមណ្ឌលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម បានបង្កើតចំណូលពីការលក់ផលិតផលរបស់កសិករ ចាប់តាំងពីការបើកដំណើរការសាកល្បងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីតាំងលក់ផលិផលនេះ​ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ហ្វីលីពីនដោយមានតាំងលក់ផលិតផលជាច្រើន ដើម្បីបង្ហាញពីសក្តានុពលផ្នែកវិស័យទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសហ្វីលីពីន។ ការតាំងបង្ហាញម្ហូបអាហារនេះ ក៏មានការចូលរួមពីចុងភៅល្បីៗ ដែលធ្លាប់ទទួលពានរង្វាន់ឆ្នើម​ឆ្នាំ២០២៧ផងដែរ។ ប្រតិភូអន្តរជាតិក៏អាចទទួលបានបទពិសោធន៍ផ្នែកថែទាំសុខភាពបែបប្រពៃណីរបស់ហ្វីលីពីន តាមរយៈការម៉ាស្សា ដែលជាវិធីសាស្ត្រម៉ាស្សាព្យាបាលតាមទំនៀមទម្លាប់ព្យាបាលជំងឺរបស់ជនជាតិដើមភាគតិចហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ គឺជាឱកាសបង្ហាញឱ្យសហគមន៍អន្តរជាតិបានស្គាល់ពីស្នាដៃផលិត​ និងកែច្នៃរបស់ប្រជាជនហ្វីលីពីន៕​ (ផាន់ អាណា)

INDONESIA-CLIMATE-COURT-SWITZERLAND
ឥណ្ឌូណេស៊ីមានសក្តានុពលវិនិយោគជាង១៥ពាន់លានដុល្លារ ក្នុងវិស័យសមុទ្រ និងជលផល

ហ្សាការតា៖ អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ និងការកែច្នៃផលិតផលក្នុងស្រុក របស់ឥណ្ឌូណេស៊ី លោក តូដូទួ ប៉ាសារីប៊ូ (Todotua Pasaribu) បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីមានសក្តានុពលវិនិយោគចំនួនជាង១៥ពាន់លានដុល្លារ នៅក្នុងវិស័យសមុទ្រ និងជលផល។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសផ្គត់ផ្គង់សារាយសមុទ្រឈានមុខគេលើពិភពលោក ដោយនាំចេញប្រមាណ៦៥ភាគរយ នៃផលិតកម្មសរុបរបស់ខ្លួន ក្នុងទម្រង់ជាសារាយសមុទ្រឆៅ ឬសារាយសមុទ្រសម្ងួត។ លោកបានទទួលស្គាល់ថា ឥណ្ឌូណេស៊ីមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍធនធានសារាយសមុទ្របន្ថែមទៀត ជាពិសេសតាមរយៈការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដូចជាសារធាតុជំរុញការលូតលាស់របស់រុក្ខជាតិ។ ក្រៅពីសារាយសមុទ្រ លោកបានបន្ថែមថា ឥណ្ឌូណេស៊ីក៏មានសក្តានុពលខ្ពស់ក្នុងវិស័យចិញ្ចឹមបង្គា ត្រីធូណា និងផលិតអំបិលផងដែរ។ លោក តូដូទួ ប៉ាសារីប៊ូ បានមានប្រសាសន៍ថា ចំពោះអំបិល បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងផ្តោតលើការអភិវឌ្ឍវិស័យនេះ ហើយមានការវិនិយោគជាយុទ្ធសាស្ត្រមួយចំនួន។ លោកបានបង្ហើបឱ្យដឹងថា វិនិយោគិនមួយរូបមកពីតំបន់មជ្ឈិមបូព៌ា បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអំបិលរបស់ឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍឧស្សាហកម្មអំបិលនៅខេត្តជ្វាខាងកើត។ លោកបានពន្យល់ថា សក្តានុពលវិនិយោគនេះទទួលបានការគាំទ្រពីទីតាំងដ៏រឹងមាំរបស់ឥណ្ឌូណេស៊ីក្នុងផលិតកម្មពិភពលោក។ លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការផលិតត្រីធូណា និងត្រីម៉ាកឺរ៉ែល (Mackerel) ដោយមានចំណែក២១ភាគរយនៃផលិតកម្មពិភពលោក។ ឥណ្ឌូណេស៊ីក៏ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកក្នុងការផលិតសារាយសមុទ្រ ដោយមានចំណែក ៣៨ភាគរយ និងត្រីទីឡាព្យ៉ា ដោយមានចំណែកជាង២២ភាគរយ […]

PHILIPPINES-HEALTH-UN-EBOLA-FARM
អ្នកចិញ្ចឹមជ្រូកនៅហ្វីលីពីនឱ្យរដ្ឋាភិបាលស៊ើបអង្កេតការកំណត់តម្លៃជ្រូក

ម៉ានីល៖ សមាគមអ្នកចិញ្ចឹមជ្រូក នៅភាគកណ្ដាលប្រទេសហ្វីលីពីន កំពុងស្នើសុំឱ្យរដ្ឋាភិបាលចាត់វិធានការស៊ើបអង្កេតលើការកំណត់តម្លៃសាច់ជ្រូក រួមទាំងករណីមានសេចក្តីរាយការណ៍ថា កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំមួយ បានកំណត់តម្លៃជ្រូករស់ត្រឹម២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម។ សមាគមអ្នកចិញ្ចឹមជ្រូក ខេត្តសេប៊ូ ភាគកណ្ដាលហ្វីលីពីន ទាមទារឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន ពិនិត្យលើការចែកចាយសាច់ជ្រូកផលិតក្នុងស្រុក ចាប់ពីកសិដ្ឋានរហូតដល់ទីផ្សារលក់រាយ ចំពេលមានការព្រួយបារម្ភថា ការកំណត់តម្លៃកំពុងបង្កផលប៉ះពាល់ដល់កសិករក្នុងស្រុក។ ក្នុងចំណោមសំណើ រួមមានការស្នើឱ្យអាជ្ញាធរពិនិត្យតម្លៃជ្រូករស់នៅតាមកសិដ្ឋានមួយនេះ ដែលកំណត់តម្លៃប្រមាណ២,៣០ដុល្លារ ក្នុងមួយគីឡូក្រាម និងស៊ើបអង្កេតការកេងប្រវ័ញ្ច ឬរៀបចំតម្លៃនៅតាមទីផ្សារ។ សមាគមក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរគ្រប់គ្រងចេញលិខិតបង្គាប់ឱ្យម្ចាស់កសិដ្ឋានខ្នាតធំចេញមុខបំភ្លឺ អំពីការកំណត់តម្លៃជ្រូករស់នៅក្នុងកសិដ្ឋាន។ ប្រទេសហ្វីលីពីនអាចជួបបញ្ហាខ្វះសាច់ជ្រូកដើម្បីផ្គត់ផ្គង់​ដល់ការ​ប្រើប្រាស់ក្នុងស្រុក ក្រោយពីបានដាក់បម្រាម​នាំចូល ដើម្បីជួយឲ្យជ្រូកក្នុងស្រុកមានតម្លៃប្រសើរ ។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មហ្វីលីពីនបានដាក់ចេញវិធានការហាមឃាត់ការនាំចូលផលិតផលសាច់ជ្រូករយៈពេល៦០ថ្ងៃ ដែលអាចធ្វើឱ្យប្រជាជនហ្វីលីពីន​ ​ខ្វះសាច់ជ្រូក​ នៅ​ដើម​ឆ្នាំ២០២៧ ខាងមុខនេះ ។ ការ​ហាមឃាត់ជ្រូកនាំចូលត្រូវបានអនុវត្ត បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា ការកើនឡើងនៃការនាំចូលសាច់ជ្រូកពីបរទេស ចាប់ពីឆ្នាំ២០២១ រហូតដល់ខែសីហា ឆ្នាំ២០២៦ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មចិញ្ចឹមជ្រូក​ក្នុងស្រុក៕ (ផាន់ អាណា)

NEPAL-DISASTER-FLOOD
អង្គការកម្មវិធីស្បៀងអាហារពិភពលោកស្វែងរកថវិកា២៨លានដុល្លារ សម្រាប់ជួយកសិករនេប៉ាល់

កដ្ឋមណ្ឌូ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានអំពាវនាវស្វែងរកថវិកាចំនួន ២៨លានដុល្លារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីខែសីហា ដោយព្រមានថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការរំខានដល់ជីវភាពរស់នៅ និងការចូលមកដល់នៃរដូវរងា គឺឧបសគ្គរារាំងដល់ដំណើរការស្តារឡើងវិញ។ អង្គការនេះបានឱ្យដឹងថា បីខែបន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រជាជននេប៉ាល់ ជាច្រើននៅតែបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈផ្លូវថ្នល់ និងស្ពានត្រូវខូច ធ្វើឱ្យពិបាកដល់ការធ្វើដំណើរទៅកាន់ទីផ្សារ ការទទួលបានសេវាកម្ម និងឱកាសរកប្រាក់ចំណូល។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោក ការខាតបង់ដោយសារទឹកជំនន់លើលំនៅឋាន ដីកសិកម្ម សត្វចិញ្ចឹម និងទ្រព្យសម្បត្តិផ្សេងៗ ដែលប្រើប្រាស់សម្រាប់ផលិតកម្ម បានធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជននេប៉ាល់ធ្លាក់ចុះ និងខ្វះស្បៀងអាហារ ជាពិសេសនៅតំបន់មានកម្ពស់ខ្ពស់ ដែលអាកាសធាតុត្រជាក់ខ្លាំង។ ក្រោយពេលគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ទីភ្នាក់ងារនេះបានផ្តល់ជំនួយស្បៀងអាហារបន្ទាន់ដល់មនុស្សជាង២ម៉ឺននាក់ និងផ្តល់ជំនួយមនុស្សធម៌ចំនួន៩១៩តោន ដោយប្រើប្រាស់រថយន្តដឹកទំនិញ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកទំនិញ ទៅដល់សហគមន៍ដាច់ស្រយាល។ លោក អេនឌ្រៀ បេរ៉ាដូ (Andrea Berardo) នាយករងប្រចាំប្រទេសនេប៉ាល់នៃកម្មវិធីស្បៀងអាហារពិភពលោក បានមានប្រសាសន៍ថា ជំនួយបន្ទាន់បានជួយដល់គ្រួសារជាច្រើនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូងនៃវិបត្តិនេះ ប៉ុន្តែការស្តារឡើងវិញនឹងត្រូវការពេលវេលាយូរជាងនេះឆ្ងាយណាស់។ លោកបានអំពាវនាវឱ្យមានការគាំទ្រ ដើម្បីបង្កើនប្រាក់ចំណូល ភ្ជាប់សហគមន៍ជាមួយទីផ្សារឡើងវិញ និងជួយគ្រួសាររងគ្រោះអាចស្តារជីវភាពរស់នៅឡើងវិញ។ លោកបានបន្ថែមថា ការស្តារឡើងវិញមិនមែនគ្រាន់តែជាការកសាងផ្លូវថ្នល់ និងស្ពានឡើងវិញប៉ុណ្ណោះទេ។ […]

កាលវិភាគផ្សព្វផ្សាយ